ឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ ដកហូតគ្រឿងញៀន ២៧កញ្ចប់ធំ ដែលនាំឆ្លងដែនពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង កម្ពុជា តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល

0

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ក្នុងគ្រាដែលឃាត់រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ឆ្លងដែនពីឡាវចូលមកកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបានរកឃើញម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់ចំនួន ២៧កញ្ចប់ធំ ដែលផ្ទុកនៅក្នុងរថយន្តនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានប្រាប់ឲ្យដឹងថា រថយន្តក្រុង ១គ្រឿង ដែលរងការឃាត់ត្រួតពិនិត្យ និងឆែកឆេរនេះ មានចំណុះ ៤៥កៅអី ពាក់ស្លាកលេខឡាវ-7979 ដឹកអ្នកដំណើរចេញពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រកទ្វារត្រពាំងក្រៀល។ លោកថា ខណៈត្រួតពិនិត្យ សមត្ថកិច្ចបានប្រទះឃើញ មានផ្ទុកម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយរថយន្តក្រុងនោះ ។

មន្ត្រីនគរបាលដដែលបានឱ្យដឹងទៀតថា ថ្នាំញៀនដែលឆែកឆេរឃើញនៅក្នុងរថយន្តក្រុងនោះ មានចំនួន ២៧កញ្ចប់ធំ (ដុំធំ) ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី) ចំនួន ១០ដុំធំ ជាប្រភេទម្សៅសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ,គ្រាប់ពណ៌ក្រហមតូចៗចំនួន ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា  និងក្រាមពណ៌សថ្លា ១កញ្ចប់តូច និងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាម ២នាក់ ផងដែរ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានឱ្យដឹងទៀតថា ក្រោយពីមានការសង្ស័យ ប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសហការជាមួយ កម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ