រថយន្តដឹកឈើមួយគ្រឿង បានរងការក្រឡាប់នៅកណ្តាលអាធ្រាត្រស្ងប់ស្ងាត់ សង្ស័យមានមនុស្ស ៣នាក់ រងរបួសធ្ងន់ នៅក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

0

ខេត្តក្រចេះ៖ រថយន្តប្រភេទហាយឡែនឌ័រមួយគ្រឿង ដែលគេដឹងថា បានផ្ទុកឈើច្រើនសន្លឹកនៅក្នុងនោះ បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ និងត្រូវគេសង្ស័យថា មានមនុស្សយ៉ាងហោច ៣នាក់ (តៃកុង១ និងព្រូ២នាក់) បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅជិតពាក់កណ្តាលអាធ្រាត្រ នាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤២៣ និង ៤២៤ ស្ថិតនៅក្នុងភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឈើ ១គ្រឿងនោះ ក្រុមឈ្មួញបានប្រញាប់ប្រញាល់យករថយន្តផ្សេងទៀត មកដឹកជនរងគ្រោះ និងឈើល្មើសច្បាប់ ជម្លៀសយកចេញទៅបាត់ភ្លាមៗ នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីកើតហេតុនោះ។ ដោយឡែក រថយន្តដឹកឈើនោះ ជាប្រភេទហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ 2AG-7257 និងឈើដែលផ្ទុកនៅក្នុងរថយន្ត ជាប្រភេទឈើកកោះ មានចំនួនច្រើនសន្លឹក/ដុំ។

ប្រភពពីសាក្សីបានបង្ហើបឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តនោះ បើកបោះពួយយ៉ាងលឿន នៅលើដងផ្លូវជាតិលេខ៧ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែគេឃើញ ក្រឡាប់រមៀលធ្លាក់ពីលើទ្រូងផ្លូវជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ធ្លាយចេញឈើ សង្ស័យជាឈើល្មើសច្បាប់ (គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ) ដែលការក្រឡាប់នោះបង្កឡើងដោយខ្លួនឯង នៅពាក់កណ្តាលអាធ្រាត្រស្ងប់ស្ងាត់។

ក្រោយពេលកើតហេតុ ឈ្មួញឈើបានជម្លៀសឈើចេញអស់ ចំណែក សមត្ថកិច្ចនៅពេលមកដល់ បានត្រឹមតែឈរមើលតែប៉ុណ្ណោះ និងនៅព្រឹកថ្ងៃទី៤កញ្ញានេះ បក្ខពួកក្រុមដឹកជញ្ជូនឈើ បានយករថយន្តមកស្ទូចអូសយកទៅជួសជុលយ៉ាងរំភើយ ។ចំណែក សមត្ថកិច្ចបានឆ្លើយថា ជាករណីបង្កដោយខ្លួនឯង ទើបមិនអាចយករថយន្តមករក្សាទុកបាន។

ជុំវិញរឿងនេះ អធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ លោកវរសេនីយ៍ លន់ ហុង បានប្រាប់អ្នកសារព័ត៌មានថា ករណីក្រឡាប់រថយន្តនោះ បានកើតឡើងនៅពេលយប់ ទើបសមត្ថកិច្ចមិនបានទទួលព័ត៌មាន ជាហេតុធ្វើឱ្យក្រុមឈ្មួញមានឱកាសយកឈើ ដាក់រថយន្តផ្សេងដឹកចេញពីកន្លែងកើតហេតុអស់។

លោកអធិការបានបញ្ជាក់ថា ពាក់ព័ន្ធនឹងរថយន្តត្រូវឱ្យទៅម្ចាស់គេយកទៅជួសជុលនោះ ព្រោះករណីនេះ ជាករណីបង្កគ្រោះថ្នាក់ដោយខ្លួនឯង សមត្ថកិច្ចគ្មានសិទ្ធិឃាត់យកទៅរក្សាទុកនោះទេ។

ទោះយ៉ាងណាក៏ដោយចុះ រថយន្តដែលរងការក្រឡាប់នោះ គេមិនបានបញ្ជាក់ពីចំនួនអ្នករងរបួសឱ្យពិតប្រាកដនោះទេ រីឯ មេឈ្មួញដឹកជញ្ជូនឈើនេះ គេក៏បានស្គាល់អត្តសញ្ញាណច្បាស់លាស់នោះដែរ តែគេបានដាក់ការសង្ស័យថា រថយន្តនេះជារបស់ មេឈ្មួញឈើជើងខ្លាំងម្នាក់ ប្រចាំខេត្តក្រចេះ ឈ្មោះ ធី កាប៉ូ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីស្រុកអូរគ្រៀងសែនជ័យ ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ដើម្បីយកទៅលក់បន្តនៅប្រទេសវៀតណាម ស្ទើរជារៀងរាល់យប់៕ ដោយ៖ឡុង សំបូរ