ខេត្តក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ កម្លាំងនគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូត និងរុះរើឧបករណ៍នេសាទបានជាច្រើនប្រភេទ យកទៅដុតកម្ទេចចោល និងបានព្រលែងកូនត្រីជាង ៣០០គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅថ្ងៃទី៥កញ្ញា២០២៤ ដែលការបង្ក្រាបនោះ បានធ្វើទៅលើទីតាំងចំនួន ៤ គឺនៅបឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងភូមិសាស្ត្រឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឲ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចទីតាំងខាងលើ ជាលទ្ធផល សមត្ថកិច្ចបានសម្រេចធ្វើការរុះរើ ដកហូត និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន១១ខ្សែ មានប្រវែង៥៥០ម៉ែត្រ ក្រឡាទំហំ០៣-០៤សង់ទីម៉ែត្រ ,លបសាច់កាវ ១៤គ្រឿង ក្រឡាទំហំ០២-០៤ សង់ទីម៉ែត្រ ,របាំងព្រួលស្បៃមុង ២៩ខ្សែ មានប្រវែង១ពាន់ ៣៥០ម៉ែត្រ ,លូស្បៃមុង ៣២មាត់លូ ,របាំងកាត់ទទឹងជិតព្រែកចំនួន ០២របាំង និងលបសាច់កាវចំនួន ០៦គ្រឿង ,បង្គោលចម្រឹងប្ញស្សីប្រមាណ ៦០០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៣០០គីឡូក្រាម។ លោកបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ ដែលសមត្ថកិច្ចដករហូតបាន គឺត្រូវដុតបំផ្លាញចោលនៅទីតាំងនោះផ្ទាល់តែម្តង។
លោកនាយខណ្ឌ បានព្រមានចាត់វិធានការច្បាប់ ចំពោះប្រជានេសាទណា ដែលនៅតែមិនព្រមបញ្ឈប់ការប្រើប្រាស់ឧបករណ៍ និងការនេសាទល្មើសច្បាប់ នឹងត្រូវចាប់ដាក់ពន្ធនាគារ ដោយគ្មានការលើកលែងនោះឡើយ៕ ដោយ៖ឡុង សំបូរ