ខេត្តកែប: ក្រសួងអប់រំ យុវជននិងកីឡា សម្រេចអនុញ្ញាតឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា(តិចណូ)បង្កើតសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានដាក់ឈ្មោះថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូង(ខេត្តកែប) ដោយធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក្នុងដេប៉ាតឺម៉ង់ដែលមានស្រាប់ ក្នុងនោះមានជំនាញអគ្គិសនី និងថាមពល, ជំនាញសំណង់ស៊ីវិល, ជំនាញគីមី ,ចំណីអាហារ និងជំនាញគ្រប់គ្រងទឹក។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានរៀបចំជំនួប សំដែងការគួរសមនិងពិភាក្សាការងារ ជាមួយគណ:គ្រប់គ្រងវិទ្យាស្ថានកម្ពុជា ដើម្បីស្វែងរកការគាំទ្ររវាងគ្នានិងគ្នា ក្រោមវត្តមាន ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អមដោយគណ:ប្រតិភូ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្ដម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សម្រាប់សាខានៅខេត្តកែប យើងនឹងចាប់ផ្តើមប្រកាសទទួលពាក្យចូលរៀន ចាប់ពីខែតុលា ឆ្នាំ២០២៤នេះ ជាទិសដៅយើងបានដាក់នូវជំនាញ៤សំខាន់ ដោយយើងមើលឃើញនូវតម្រូវការ ការងារខ្ពស់សម្រាប់និស្សិតរបស់យើង ក្រោយបញ្ចប់ការសិក្សា ពិសេសផ្តល់ឱកាសដល់យុវតី ហើយកម្មវិធីសិក្សានៅទីនេះ គឺធានាបានគុណភាពដូចនៅរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ដែរថា នេះជាមោទនភាពសម្រាប់ខេត្តកែប ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់អាណាព្យាបាល ពិសេសសិស្សានុសិស្ស សូមចាប់អារម្មណ៍មកសិក្សាលើមុខជំនាញនេះ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យា សាខាកែប ដើម្បីទទួលបាននូវជំនាញមួយដែលច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការងាររបស់ខ្លួន ឲ្យកាន់តែមានទំនុកចិត្ត និងកាន់តែប្រសើរឡើងថែមទៀត៕ សេង ណារិទ្ធ