(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនទីបញ្ជាការស្រាលការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប នៅតំបន់បត់ត្រង់ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល៤ខែ កន្លងទៅនេះ ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទាំងនៅភូមិសាស្ត្រប៉ែកខាងលេីខេត្ត និងនៅក្នុងតំបន់ព្រៃលិចទឹក ដែលកងកម្លាំងចម្រុះរបស់យើងកំពុងធ្វើសកម្មភាពជាប្រចាំក្នុងពេលកន្លងទៅ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត កងកម្លាំងចម្រុះទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាននូវរាល់បទល្មើសធនធានធម្មជាតិ ពិសេស ដាច់ខាតមិនឱ្យមានការកាប់បំផ្លាញដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ នេះ ដើម្បីយកដីធ្វើស្រែជាថ្មីទៀតបានឡើយ។ ចំពោះផ្ទៃដី ដែលក្រុមជនល្មើសបានលួចកាប់ទន្ទ្រានកន្លងមក ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ ថវិកា ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលប្រចាំការនៅតំបន់បត់ត្រង់ តំបន់ខ្វាក់តូច ខ្វាក់ធំ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផងដែរ ។
លោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ស្វាយ តំណាងឱ្យលោកអ៊ុត វណ្ណរ៉ា អភិបាលស្រុក បានសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុនអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់ការលំបាកជូនដល់កងកម្លាំង ក្នុងការបំពេញភារកិច្ច ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ នាឱកាសនេះ នឹងបានសូមគោរពជូនពរសម្ដេច ឯកឧត្តម អស់លោក ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទ វេហាស៍