កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវពង្រឹងគុណភាពនៃការផ្តល់សេវា និងកែសម្រួល ឥរិយាបថរបស់មន្ត្រីបុគ្គលិកពេទ្យ រួមទាំងពង្រឹងគុណភាពនៃការដោះស្រាយបញ្ហាផ្សេងៗ ក្នុងការ គ្រប់គ្រងមន្ទីរពេទ្យផងដែរ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យមើលលើវឌ្ឍនភាពនៃ ការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ ការវាយតម្លៃ និងប្រឡងប្រណាំងសេវាសាធារណៈគំរូ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីរក្សានូវខ្សែក្រ វាត់ ដែលមន្ទីរពេទ្យខេត្តកំពង់ចាម ធ្លាប់បានទទួលជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតទី ៣ លេខ ១ ទូទាំងប្រទេស ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ត្រូវអនុវត្តរួមមាន ទី១- ត្រូវពង្រឹងគុណភាពនៃការផ្តល់សេវា ទី២-ត្រូវកែសម្រួលឥរិយាបថរបស់ មន្ត្រី បុគ្គលិកបម្រើការងារសុខាភិបាល ឱ្យមានក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពពេលវេលា ទី៣- ត្រូវជំរុញអនុវត្តគុណភាពស្ថាប័ន ឬអង្គភាព និងការពង្រឹងសម្ថភាពរបស់មន្ត្រី បុគ្គលិក ពិសេសត្រូវ ពង្រឹងនូវកិច្ចការរដ្ឋបាលនៃការគ្រប់គ្រងការងារ រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ របស់មន្ទីរ ពេទ្យផងដែរ ។
បេីតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា មន្ទីរពេទ្យខេត្តកំពង់ចាម គឺជាមន្ទីរពេទ្យ កម្រិតទីបី ធ្លាប់បានទទួលជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតទីបី លេខមួយទូទាំងប្រទេស កាលពីឆ្នាំ២០១៩ ។ រយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រសួងមុខងារសារធារណៈ បានរៀបចំ ឧបករណ៍វាយតម្លៃ សម្រាប់វាយតម្លៃលើកទីពីរដល់មន្ទីរពេទ្យបង្អែកគ្រប់កម្រិត តាំងពីកម្រិត ទីមួយ ទីពីរ និងទីបី។ ឧបករណ៍វាយតម្លៃសេវាសាធារណៈគំរូលើកទីពីរនេះ មានភាពស្មុគស្មាញយ៉ាងខ្លាំង តម្រូវឱ្យមន្ទីរពេទ្យនីមួយៗ មានឯកសារគ្រប់គ្រាន់ដើម្បីជាភ័ស្តុតាង បង្ហាញដល់គណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ថ្នាក់ជាតិហើយឯកសារទាំងនោះ ពេលខ្លះយើងអាចរកបាន ពេលខ្លះយើងពិបាកក្នុងការស្វែងរក។
លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានបញ្ជាក់ថា ក្រោយពីបានការចូលរួមធ្វើសិក្ខាសាលា ផ្សព្វផ្សាយ នូវលក្ខណវិនិច្ឆ័យគោលរងហេីយនោះ ការធ្វើការប៉ាន់ប្រមាណពិន្ទុ នៅក្នុងគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់រយៈពេលចុងក្រោយនេះ យើងទទួល បាន៩០ភាគរយ ដែលជាពិន្ទុមួយខ្ពស់ តែពិន្ទុនេះគឺយើងបានដាក់ដោយខ្លួនយើងផ្ទាល់ មិនមែនគណៈកម្មការ វាយតម្លៃជាអ្នកដាក់ឡើយ។ ដូច្នេះយើងគិតថាពិន្ទុនេះយើងនឹងកាត់បន្ថយចំនួនពី១០ទៅ១៥ភាគរយ ៕