ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានធ្វើការបង្ហាញពីការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងច្បាប់ស្តីពីក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយគ្រប់រូបភាព។ ពង្រឹងការចុះល្បាតទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្ម ជាតិភូមិសាស្ត្រខេត្ត និងចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថានតាមបណ្តាក្រុង/ស្រុក ក្នុងភូមិសាស្ត្រខេត្ត។ ជំរុញដល់ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្មឱ្យធ្វើកិច្ចសន្យាការពារបរិស្ថាន និងរបាយ ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម រាល់គម្រោងដែលតម្រូវឱ្យធ្វើកិច្ចសន្យា និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកំពង់ធំ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបរិស្ថាន ដែលជាឧត្តមប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ប្រកបដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ (កម្ពុជាស្អាត ខ្មែរធ្វើបាន) និងបង្កើនការដាំដុះកូនឈើ លើដីដែលបានដកហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន និងអ្នកចូលរួមទាំងអស់ ត្រូវពង្រឹងវិន័យការងារឱ្យបានល្អ ជាពិសេសរួមគ្នាទប់ស្កាត់ការពារធនធានធម្មជាតិ (តំបន់វាលលើ) តាមយុទ្ធសាស្ត្របញ្ជាកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាព។ អត្ថបទលោក ធូ កែវមុន្នី