ខេត្តកំពត៖ បុរសវ័យ៥៦ឆ្នាំម្នាក់ដែលបម្រើការងារនៅក្នុងមណ្ឌលសុខភាព ប៊ុន រានី ហ៊ុន សែន ក្នុងឃុំតេជោអភិវឌ្ឍន៍ តាកែន កោះស្លា ៣១៧ ត្រូវជនមិនស្គាល់មុខចូលមកកាប់សម្លាប់ដល់ក្នុងផ្ទះ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ រីឯប្រពន្ធត្រូវរងរបួសធ្ងន់ដោយសារឃាតករកាប់ប្រហារជាច្រើនកាំបិតផងដែរ។ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានអះអាងថា ជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បតិ្ត។
អំពើឃាតកម្មដ៍សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១៥នាទីព្រលប់ ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ជនរងគ្រោះដែលត្រូវឃាតករកាប់សម្លាប់នោះត្រូវគេស្គាល់ ឈ្មោះ អេង សេង ភេទប្រុស អាយុ៥៦ឆ្នាំ មុខងារជាបុគ្គលិកបម្រើការនៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន នៃមជ្ឈមណ្ឌលតេជោអភិវឌ្ឍន៍ ក្នុងឃុំតាកែន(317)។ដោយឡែកស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់មានឈ្មោះ អៀង សារិទ្ធ អាយុ៥៥ឆ្នាំ។
ទាក់ទងនឹងករណីឃាតកម្មខាងលើ សមត្ថកិច្ចនៃការិយាល័យកណ្តាល ខេត្តកំពត បានបញ្ខក់ឲ្យដឹងថា ដើមហេតុបង្កឲ្យមានករណីឃាតកម្មបែបនេះ សង្ស័យជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បតិ្ត ប៉ុន្តែបានសម្រេចឬមិនសម្រេចនោះនៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះពេលនេះសមត្ថកិច្ចមិនទាន់បានស្រង់ចម្លើយពីស្ត្រីម្ចាស់ផ្ទះនោះទេ ដោយសារខណៈនេះកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនដំបូងឃាតករបានប្រតាយប្រតប់ជាមួយស្ត្រីជាប្រពន្ធ ឃើញបែបនេះជនរងគ្រោះជាប្តីក៏ស្ទុះទៅជួយ ក៏ត្រូវ
ជនដៃដល់កាប់ប្រហារជាច្រើនកាំបិតបណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។
បច្ចុប្បន្នសពបុរសរងគ្រោះត្រូវបានសាច់ញាតិកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់កំពុងសំរាកនៅក្នុងមន្ទីរពេទ្យនៅឡើយ ។ចំពោះករណីឃាតកម្មមកលើក្រុមគ្រួសារមន្ត្រីពេទ្យខាងលើនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើងបន្តស្រាវជ្រាវដើម្បីតាមប្រមាញ់រកមុខជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕