លោកអភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុក អញ្ជើញសួរសុខទុក្ខម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនៅឃុំម្សាក្រង

0

 (កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងព្រះបរិត្តកោសល្យណិប អ៊ាន ព្រះអនុគណស្រុក ព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បានអញ្ជើញនិងនិមន្តសួរសុខទុក្ខ ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីរាត្រីទៀបភ្លឺថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានសម្ដែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខសោកស្ដាយជាមួយម្ចាស់ផ្ទះ ដែលបាត់បង់នូវផ្ទះ និងទ្រព្យសម្បត្តិជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែក។

មួយនេះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នពីបញ្ហាអគ្គិភ័យជាយហេតុ ជាពិសេសត្រូវបិទបារ៉ែតឬផ្ដាច់ចរន្តអគ្គិសនី នៅពេលដែលម្ចាស់ផ្ទះមិននៅ ហើយត្រូវតភ្ជាប់ប្រព័ន្ធអគ្គិសនីនៅតាមផ្ទះរបស់ខ្លួនតាមបទដ្ឋានបច្ចេកទេស ជាមួយនឹងជាងដែលមានជំនាញពិតប្រាកដដើម្បីធានានូវសុវត្ថិភាពខ្ពស់។

លើសពីនេះលោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកដល់ព្រះមន្ត្រីសង្ឃស្រុកស្ទោងក៏ដូចជាសប្បុរសជន និងញាតិមិត្តជិតឆ្ងាយដែលបាននិមន្តអញ្ជើញចូលរួមរំលែកការសោកស្ដាយហើយបានឧបត្ថម្ភនូវសម្ភារៈថវិការចូលរួមសោកស្តាយម្ចាស់ផ្ទះនៅក្នុងឱកាសនេះ។

លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់អធិការនគរបាលស្រុកស្ទោង ត្រូវជួយសម្របសម្រួលធ្វើឯកសារអត្តសញ្ញាណប័ណ្ណនិងអត្រានុកូលដ្ឋានជូនម្ចាស់ផ្ទះឡើងវិញឱ្យបានដល់ផ្ទះ និងឆាប់បំផុតដើម្បីបានប្រើប្រាស់តាមស្ថានភាពជាក់ស្ដែង។

ទន្ទឹមនឹងនេះ លោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការស្រុកស្ទោង បញ្ជាក់ឱ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ភិន ថុល ភេទ ប្រុស អាយុ៦០ឆ្នាំ  ផ្ទះមានទំហំ៧ម៉ែត្រx១១,៥ម៉ែត្រ ធ្វេីអំពីឈេីប្រក់ក្បឿង  ពុំបណ្តាលឱ្យមនុស្សរងរបួសទេ ហើយខូចខាតឯកសាររួមមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណេីត អត្តសញ្ញាណប័ណ្ណ គ្រឿងសង្ហារឹមនិងសំភារៈមួយចំនួនធំ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង និងប្រើប្រាស់កម្លាំងនគរបាលចំនួន១៤នាក់។

គួរបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោង និងព្រះមន្ត្រីសង្ឃ ព្រមទាំងសប្បុរសជនជិតឆ្ងាយបាន ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្លៀកបំពាក់ព្រមទាំងថវិកាចំនួន១,៥៤២,០០០រៀផងដែរ។ អត្ថបទវេហាស៍