អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ៨០គ្រួសារ នៅស្រុកសៀមបូក

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំមន្ត្រី សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពលំបាក ខ្វះខាត  ជនចាស់ជរា គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ជនមានពិការភាព និងស្ត្រីទើបសម្រាលកូន ៨០គ្រួសារ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងបរិវេណ”អនុវិទ្យាល័យកោះស្រឡាយ” ស្ថិតក្នុងភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំង ៨០គ្រួសារ ដោយភ្ជាប់មកនូវក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដែលជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ជានិច្ច។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា អំណោយទាំងនេះ គឺជាអំណោយសង្គ្រោះបឋមសម្រាប់បងប្អូន,ទោះបីអំណោយទាំងនេះ មិនមែនជាអំណោយ ដែលមិនអាចបំពេញជីវភាពបងប្អូនឲ្យបានពេញលេញក៏ដោយ តែជាអំណោយដែលអាចជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនបានមួយគ្រាដែរ។ លោកថា ក្នុងនាមអាជ្ញាធរ ឃុំ ស្រុក ខេត្ត និងក្នុងនាមរាជរដ្ឋាភិបាល លោកនឹងមិនចោលបងប្អូនប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកឡើយ គឺនៅតែគិតគូចំពោះសុខទុក្ខបងប្អូនជានិច្ច និងសូមឲ្យប្អូនទាំងអស់ មានការជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផល ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានផ្តល់ជូនគ្រួសាររងគ្រោះទាំង ៨០គ្រួសារ នាពេលនោះ រួមមាន៖ ក្នុង១គ្រួសារៗ ទទួលបានអង្ករ១បេ  ត្រីខ១យួ មី១កេស ឃីតមួយកញ្ចប់ (ភួយ១ ម៉ុង១ សារ៉ុង១ ក្រម៉ា១) និងថវិកាមួយផ្ទាល់ខ្លួនរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មួយចំនួន ផងដែរ៕ដោយ៖ឡុង សំបូរ