អត្ថបទ វេហាស៍
ខេត្តកំពង់ធំ÷ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង២,៤៦០ម៉ែត្រ សម្រាប់ប្រើប្រាស់ជាប្រយោជន៍នៅក្នុងភូមិសារី ភូមិវាល ភូមិសាន់គ(ក) និងភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានផ្លូវបេតុងមួយខ្សែនេះ ដែលជាសមិទ្ធផលមួយបន្ថែមទៀតរបស់ឃុំ ផ្សារភ្ជាប់ទៅនឹងអ្វីដែលជាគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តមូលដ្ឋានរបស់ខ្លួនកាន់តែល្អប្រសើរឡើងថែមទៀត។
លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងអានរបាយការណ៍សង្ខេបជូនអង្គពិធី ព្រមទាំងបានបញ្ជាក់ថា រដ្ឋបាលឃុំសាន់គ នៅក្នុងឆ្នាំ២០២៤នេះ បានអនុម័តថវិកាសម្រាប់អនុវត្តគម្រោង សាងសង់ផ្លូវបេតុង អាមេ ប្រវែង ២,៤៦០ម៉ែត្រ ទទឹងបេតុង ៥ម៉ែត្រ កម្រាស់បេតុង ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសារី ភូមិវាល ភូមិសាន់គ(ក) និងភូមិបល្ល័ង្គ ឃុំសាន់គ ដែលបានចាប់ផ្ដើមសាងសង់ពីអំឡុងខែកក្កដា បញ្ចប់នៅដើមខែកញ្ញា អនុវត្តដោយក្រុមហ៊ុន យ៉េន ស៊ីនួន ប្រើប្រាស់ថវិកាអស់ចំនួន ៥០៣,៦៤៦,៣៧៨រៀល ក្នុងនោះ មានទុនចូលរួមពីប្រជាពលរដ្ឋ ចំនួន ៦០ម៉ឺនរៀល ដែលត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ នាថ្ងៃនេះ។