អត្ថបទវេហាស៍
កំពង់ធំ÷ លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការនិយាយភាសាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ ហាក់មានការគាំទ្រពីជាតិសាសន៍លើពិភពលោក ដោយសារមានការរគាំទ្រនិងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈយុវជនបច្ចុប្បន្នហាក់មានការចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីក្នុងការនិយាយភាសាដើម។
ការលើកឡើងរបស់លោកប្រធាន បានធ្វើឡើងស្របពេលជនជាតិដើមភាគតិចកួយ បានបង្ហាញពីវប្បធម៌អរិយធម៌ និងប្រពៃណីរបស់ខ្លួន ឱ្យពិភពលោកបានយល់ឃើញ ថាជនជាតិដើមភាគតិចកួយ មានវប្បធម៌អរិយធម៌និងប្រពៃណីតាំងពីដូនតា ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមស្វែងយល់ពីក្រុមការងារ SOMA ដែលមានចម្រុះជាតិសាសន៍ លើពិភពលោក មកស្វែងយល់ ពីការរស់នៅ និងវប្បធម៌ របស់ជនជាតិដើមភាគតិចកួយ នារសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤។
ទីភ្នាក់ងាររបស់ (SOMA) ដែលជាកម្មវិធីអ្នកដឹកនាំសកល បានលើកឡើងក្នុងពេលនោះថា ភាពចម្រុះនៃភាសា នាំឱ្យមានភាពសម្បូរបែបនៃវប្បធម៌ជាតិកម្ពុជា ហើយភាសាជនជាតិភាគតិចចំនួន ៦ ដែលបានប្រើក្នុងការរៀន និងបង្រៀននៅតាមសាលាពហុភាសា មានដូចជា ភាសាកួយ ព្រៅ ព្នង ចារាយ កាវែត គ្រឹង និងទំពួន ជាដើម ទាំងអស់នេះហើយទើបធ្វើឲ្យក្រុមការងាររបស់SOMA មកសិក្សាស្រាវជ្រាវនិងស្វែងយល់ស្ដីពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីរបស់ជនជាតិដើមភាគតិចបងប្អូននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះយើងសង្កេតឃើញថា ជាតិសាសន៍នៅលើសកលលោក មានការចាប់អារម្មណ៍ លើការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ពិសេសគឺផ្នែក ទំនៀមទម្លាប់ប្រពៃណី ដែលបានរក្សាទុកតាំងពីដូនតាកន្លងមក។ ក្រុមការងារក៏ដូចជាទីភ្នាក់ងាររបស់SOMA ដែលមានការអញ្ជើញចូលរួមចម្រុះជាតិសាសន៍លើសកលលោកនិងយក វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចរបស់យើង ទៅផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ។
លោក ម៉ន មាន ជាជនជាតិជនជាតិដើមភាគតិចកួយ រស់នៅភូមិអណ្ដាស បានលើកឡើងថា នៅខាងសហគមន៍របស់លោក មានអ្នកនិយាយភាសាជនជាតិដើមភាគតិចច្រើន ព្រោះនៅក្នុងសហគមន៍នោះ សម្បូរជនជាតិដើមភាគតិច ហើយយុវជនហាក់មានភាពចង់រក្សាទំនៀមទំលាប់ប្រពៃណីក្នុងការរស់នៅ ព្រមទាំងនិយាយភាសាដើម និងស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិច។ លោកបន្តថា គោលបំណងចង់ឲ្យពិភពលោក បានដឹងនិងស្គាល់អំពីវប្បធម៌ទំនៀមទម្លាប់ ភាសាមុខរបរប្រពៃណី របៀបរស់នៅរបស់ជនជាតិដើមកួយ ចូលរួមគាំទ្រអភិរក្ស និងអភិវឌ្ឍន៍ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ លុបបំបាត់ការរើសអើង និងរក្សាជនជាតិដើមឲ្យបានគង់វង្សជារៀងរហូត។
លោកមេឃុំ មានប្រសាសន៍បន្តថា ជាជនជាតិដើមភាគតិចកួយ រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានវប្បធម៌ និងភាសារបស់ជនជាតិដើមភាគតិច នាពេលបច្ចុប្បន្ននេះ ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជនជាតិដើមភាគតិចនានា ត្រូវបានលើកស្ទួយនិងលើកកម្ពស់យកចិត្តទុកដាក់ ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ តែងតែមើលឃើញពីតម្លៃវប្បធម៌អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចរបស់យើង។ទោះបីការជ្រៀតចូលនូវវប្បធម៌បរទេសខណៈប្រទេសមានការអភិវឌ្ឍ ដែលត្រូវការធនធានមនុស្ស និងទីផ្សារការងារតម្រូវឱ្យចេះភាសារបរទេស ដូចជា ភាសាចិន និងអង់គ្លេសក៏ដោយ។
ជាចុងក្រោយលោកអំពាវនាវ ដល់ក្មេងជំនាន់ក្រោយ ត្រូវតែចាប់អារម្មណ៍ទៅលើប្រពៃណីវប្បធម៌ ភាសា ការសែនព្រេងវាយឃ្មោះ ជនជាតិភាគតិចរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ព្រៃភ្នំ ដើមឈើ។ នៅពេលបាត់បង់ធនធានធម្មជាតិធ្វើឱ្យបាត់បង់វប្បធម៌ ប្រពៃណី សាសនា ព្រោះការរស់នៅអាស្រ័យផលពីធនធានធម្មជាតិ»។ម្យ៉ាងទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជនជាតិដើមភាគតិច ជួយការពារធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដើម្បីឱ្យវប្បធម៌ប្រពៃណី ភាសា និងសាសនាជនជាតិភាគតិចនៅរក្សាបានបន្តទៀតដល់យុវជនជំនាន់ក្រោយ ៕