កំពង់ធំ÷ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងជាប្រធាន ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យបែងចែក ភារៈកិច្ច និងរចនាសម្ព័ន្ធ ដើម្បីបង្កើតក្រុមការងារ ក្នុងការផលិតព័ត៌មាន ផលិតមាតិកា ការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ កាអភិវឌ្ឍនានា គ្រប់គ្រង-ធ្វើបច្ចុប្បន្នភាព ព័ត៌មានសំខាន់ៗ នៅលើគេហទំព័រ និងបណ្តាញសង្គម របស់រដ្ឋបាលខេត្តកំពង់ធំឱ្យបានរហ័សត្រឹមត្រូវ។
នៅក្នុងកម្មវិធីនេះ ឯកឧត្តម ប្រធាន មានប្រសាសន៍ថា មន្ទីរវិស័យដើរតួយ៉ាងសំខាន់ដើម្បីដឹងពីការរីកចម្រើនរបស់ខេត្តទាំងមូល ក្នុងនោះក្រុមការងារទាំងអស់ត្រូវតែខិតខំអនុវត្ត និងយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅតាមមូលដ្ឋាន ក្រុង-ស្រុកទាំង៩ សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសក្តានុពល តំបន់រមណីយដ្ឋាននានា និងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដើម្បីទទួលបាននូវព័ត៌មានមួយជាក់លាក់ និងការអភិវឌ្ឍផងដែរ។
ចំពោះអត្ថបទព័ត៌មាន ឬរូបភាព វីឌីអូផ្សេងៗ ដែលបានផលិតរួចហើយ សូមក្រុមការងារទាំងអស់សហការគ្នាជួយពិនិត្យនូវខ្លឹមសារ អក្ខរាវិរុទ្ធបានត្រឹមត្រូវ មុននឹងចាក់ផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋគាត់ងាយស្រួលក្នុងការស្វេងយល់ មើល-ស្ដាប់ពីខ្លឹមសារនិងអត្ថន័យ ជៀសវាងមានការភ័ន្តច្រលំកត្តាណាមួយ។
ឯកឧត្តម ស្នើដល់រដ្ឋបាលខេត្តកំពង់ធំ រៀបចំកន្លែងធ្វើការមួយឱ្យបានត្រឹមត្រូវ ងាយស្រួលបម្រើការងារ ផលិតព័ត៌មានសំខាន់ៗ ផ្សព្វផ្សាយឱ្យបានឆាប់រហ័ស មិនប៉ះពាល់ដល់ថ្នាក់ដឹកនាំ ឬបុគ្គលដ៏ទៃ និងទីតាំងណាមួយផងដែរ។ លើសពីនេះមន្ទីរវិស័យបើកទទួលស្វាគមន៍ជានិច្ច នូវការផ្តល់ព័ត៌មានទីតាំងផ្សព្វផ្សាយផ្សេងៗ និងចំពោះយុវជនស្ម័គ្រចិត្ត មានបំណងចង់ចូលរួមបំរើការងារក្នុងក្រុមការងារបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលខេត្តកំពង់ធំដោយក្តីរីករាយ។ អត្ថបទ ថុង ពលរិទ្ធី រូបភាព ប៊ុនហ័រ