មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ​ អញ្ជើញប្រកាសតែងតាំង លោក​ផេន​ សុផល​ ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម

0

កំពង់ចាម​:​ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជើញប្រកាសតែងតាំង លោក​ផេន​ សុផល​ ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក ចាន់ ផល្លី ដែលបានចូលនិវត្តន៍​ ពិធីនេះត្រូវបានធ្វេីឡេីង​នារសៀលថ្ងៃទី​១០​ ខែកញ្ញា​ ឆ្នាំ២០២៤​ ដោយមានការចូលរួមពី ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូប​ទៀត​។

ថ្លែងក្នុងឱកាសនោះ លោក​​ អ៊ុន​ ចាន់ដា​ បានចូលរួមអបអរសាទ​ចំពោះ​លោក ផេន​ សុផល ដែលត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរងខេត្តនៅពេលនេះ និង​បានបញ្ជាក់​ថា​ ផេន សុផល ជាមន្ត្រីបន្តវេនវ័យក្មេង ដែលមានចំណេះដឹង និងបទពិសោធន៍នៅមូលដ្ឋាន រយៈពេល ១៨ឆ្នាំ ធ្លាប់ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងស្រុកបាធាយ។ ដោយមើលឃើញពីសមត្ថភាព និងសក្កានុពលរបស់មន្ត្រីបន្តវេន និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម គណៈអភិបាលខេត្ត បានស្នើបេក្ខភាព​លោក​ ផេន សុផល ទៅក្រសួងមហាផ្ទៃ និងចុងក្រោយទទួលបានការតែងតាំងពីប្រមុខរាជរដ្ឋាភិបាល ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមជំនួសឯកឧត្តម ចាន់ ផល្លី ដែលចូលនិវត្តន៍។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ប្រាក់ សំអឿន​ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត​កំពង់ចាម​ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ​ អង្គភាពពាក់ព័ន្ធក្នុងខេត្ត​កំពង់ចាម​ទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។

ជាមួយគ្នានោះ​ ឯកឧត្ដម​រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ ក៏បានផ្តាំផ្ញើចំពោះលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់ នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ អាជ្ញាធរមូលដ្ឋាន​ និងចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត ឲ្យមានការ រីកចម្រើនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​ការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាក់ស្តែងដូចជាការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា​ផងដែរ​ ៕