ខេត្តរតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានណែនាំដល់ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើងឱ្យអស់ ដែលតែងបង្កអសន្តិសុខដល់សង្គម បណ្តាលឱ្យមានការភ័យខ្លាច រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការពារសុវត្ថិភាព ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីពង្រឹងលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព។
ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួម ពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
លោក ញ៉ែម សំអឿន បានស្នើឱ្យគណៈកម្មការរៀបការប្រលង មធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបំពេញ តួនាទី ភារកិច្ច ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាព ក្នុងពេលមុនដំណើរការ និងពេលដំណើរប្រឡង ត្រូវរក្សាសុវត្ថិភាពឱ្យបានល្អប្រសើរ។
លោកអភិបាលខេត្តរតនគិរី បានបន្តថា អនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខុមាលភាព ត្រូវប្រចាំការនៅតាមបរិវេណខាងក្រៅមណ្ឌលប្រឡងនីមួយៗ ជាពិសេសដឹកនាំអនុវត្តវិធានការសុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារសុខាភិបាល ដើម្បីសហការជាមួយគណៈមេប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡង និងត្រូវប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា ដែលកើតឡើងជាយថាហេតុ៕ដោយ៖ឡុង សំបូរ