រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដាស់តឿនអភិបាលរងខេត្តព្រះវិហារថ្មី ឱ្យពង្រឹប្រសិទ្ធភាពការងារ ដើម្បីលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើនថែមទៀត !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ លោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាស តែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នៅរសៀល ថ្ងៃទី១០កញ្ញា២០២៤ នៅសាលាខេត្តព្រះវិហារ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ផងដែរ។
យោងសេចក្តីសម្រេច លោក គឹម ចាន់បញ្ញា ត្រូវបានថ្នាក់ដឹកនាំផ្តល់ទំនុកចិត្ត តែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលត្រូវបានផ្ទេរភារកិច្ច ទៅជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ផ្តាំផ្ញើដល់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំយកចិត្តទុកដាក់បន្តគោរពឋានុក្រម និងគោរពតាមគោលការណ៍គណនេយ្យភាពការងារ ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងត្រូវយកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយចិត្ត បន្តអនុវត្តការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យបានល្អប្រសើរ។
រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ លោក អ៊ុ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តទាំងអស់ ដែលបានរួមសាមគ្គី សហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ដោយបានជម្រុញការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ នាពេលកន្លងមក។
លោករដ្ឋលេខាធិការ បានថ្លែង ផ្តាំផ្ញើដល់លោកអភិបាលរងខេត្តព្រះវិហារ ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី នៅពេលនេះ ត្រូវអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តព្រះវិហារ ឱ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត៕