កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់អភិបាល ស្រុកជើងព្រៃ ដែលទើបតែប្រកាសតែងតាំងថ្មី ឲ្យមានការសាមគ្គីភាពផ្ទៃក្នុងទៅតាមឋានានុក្រម ពោពេញទៅ ដោយគំនិតផ្តួចផ្តើម ប្រកបដោយ មនសិការខ្ពស់ និងមានតម្លាភាព គណនេយ្យភាព ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ ។ ការថ្លែងបែបនេះក្នុងពិធីប្រកាសចូល កាន់មុខតំណែង ដោយលោក ស៊ឹម គង់ អតីតអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវបាន ទទួលមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ជំនួសលោក អួត ឈាងលី ដែល ត្រូវទទួលភារកិច្ចថ្មី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកជើងព្រៃទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្រីសន្ធរ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការ វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះត្រូវពង្រឹងកិច្ចការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ផងដែរ ៕