រថយន្តហ្វតមួយគ្រឿង ដឹកឈើចេញពីខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ចខេត្តក្រចេះ ប្រដេញស្ទាក់ចាប់បាន តែម្ចាស់រថយន្តបានរត់គេចខ្លួន ដោយសុវត្ថិភាព

0

ខេត្តស្ទឹងត្រែង/ក្រចេះ៖ កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានប្រដេញស្ទាក់ចាប់រថយន្តហ្វតមួយគ្រឿង ដែលដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ហើយត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន តែអ្នកបើកបររថយន្តបានរត់គេចខ្លួន ដោយសុវត្ថិភាព ក្រោយសកម្មភាពដែលបានធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។

សេចក្តីរាយការណ៍បានឱ្យដឹងថា នាយកដែនជម្រកសត្វព្រៃសំបូរ លោក ញ៉ែម វិសាល បានដឹកនាំកម្លាំងឧទ្យានុរក្ស សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ ប្រដេញស្ទាក់ចាប់រថយន្ត Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 2C-7792 ដែលដឹកឈើពេញ ចេញពីខេត្តស្ទឹងត្រែង ចូលមកក្នុងខេត្តក្រចេះ ។ ស្របពេលជាមួយនឹងការបើករត់គេចចេញពីកម្លាំងសមត្ថកិច្ច រថយន្តដឹកឈើនោះ បានបើកចូលទៅជ្រកពួននៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលនៅប្របនឹងបណ្តោយផ្លូវជាតិលេខ៧ នៃភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។

នៅក្នុងខណៈនោះ ស្របពេលដែលដេញប្រផាប់ចាប់ប្រភីង កម្លាំងសមត្ថកិច្ចបានបញ្ជាឱ្យម្ចាស់ផ្ទះបើកសោររបងផ្ទះ និងចូលទៅរឹបអូសយកវត្ថុតាងបទល្មើសជាក់ស្តែង នាំយកមកប្រគល់ជូន សង្តាត់រដ្ឋបាលព្រៃឈើអូរគ្រៀងរក្សាទុក និងចងក្រងឯកសារច្បាប់។ ចំណែក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

សេចក្តីរាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្រុមរថយន្ត Ford នេះ នៅមានជាច្រើនគ្រឿងទៀត ដែលកម្លាំងសមត្ថកិច្ចមិនទាន់បានធ្វើការបង្ក្រាប ហើយក្រុមនេះអាចនឹងនៅតែបន្តសកម្មភាពរបស់ខ្លួន ដោយផ្គើនទៅនឹងច្បាប់ព្រៃឈើ ពិសេសផ្គើនទៅនឹងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា នៅរយៈកាលកន្លងមក ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់កម្លាំងអាវុធហត្ថផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថនៅខេត្ត ដែលមានបទល្មើសព្រៃឈើ ធនធានធម្មជាតិ ឱ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ដោយគ្មានការលើកលែង និងយោគយល់នោះឡើយ។

អ្វីដែលគួរកត់សម្គាល់ បើទោះបីបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជ្រាបដល់មូលដ្ឋានយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា នៅតែមានឈ្មួញមួយក្រុមតូច នៅតែផ្គើននឹងបទបញ្ជា ហើយបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ដោយគ្មានញញើតច្បាប់ជាដដែល៕ដោយ៖ឡុង សំបូរ