ខេត្តព្រះសីហនុ៖ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កើនកិច្ចសហការល្អ ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការសម្រប សម្រួលប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក។
ជាមួយ និងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ខ្ញុំសូមយកឱកាសនេះ ផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដូចខាងក្រោម៖*ទីមួយ៖ ខ្ញុំសូមធ្វើការផ្ដាំផ្ញើ និងលើកទឹកចិត្ដ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្រ្ដីរាជការ បុគ្គលិក កម្មករនិយោជិក នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ សូមបន្ដខិតខំបំពេញការងារឱ្យកាន់តែប្រសើរ និងខ្លាំងខ្លា ថែមទៀត ព្រមទាំងបន្ដអភិវឌ្ឍ សមិត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែកក្នុងការ ធ្វើទំនើប កម្មកំពង់ផែកម្ពុជា កំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។
*ទីពីរ៖ ខ្ញុំសូមណែនាំ ចំពោះគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហ-ថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង។*ទីបី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំ បំពេញ ភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ,ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមបញ្ជាក់ដែរថាកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា។កំពង់ផែនេះស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅមានកោះជារបាំងខ្យល់និងរលកធំៗហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។កំពង់ផែនេះ ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណតដែលបំពាក់ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់៕
នាគសមុទ្រ