ខេត្តក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដោយមានការចូលរួមពី ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវត្រីពងកូន រឹបអូសឧបករណ៍ល្មើសច្បាប់ ជាច្រើនប្រភេទដុតបំផ្លាញចោល និងបានចាក់លែងកូនត្រីចម្រុះជាង ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់រកាកណ្តាល និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឲ្យដឹងថា មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរួមគ្នាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងរំលាច ដែលស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល និងសង្កាត់អូរឫស្សី នៃក្រុងក្រចេះ បានរកឃើញការប្រើប្រាស់ នូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលក្រុមជនខិលខូចបានប្រើប្រាស់ និងយកទៅដាក់នៅចំណុចទីតាំងបឹងខាងលើ ដើម្បីចាប់ត្រីនៅក្នុងរដូវហាមឃាត់។
លោក ម៉ុក ពន្លក បានបន្តថា ខណៈនោះ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុង ចំនួន១៧ខ្សែ មានប្រវែង ៩៥០ ម៉ែត្រ លូស្បៃមុងចំនួន ១៩មាត់លូ របាំងលបណរ៉ាវ ០២ខ្សែ មានប្រវែង ១៤០ម៉ែត្រ លបណរ៉ាវ (លបកាវ) ០៤គ្រឿង បង្គោលចម្រឹងប្ញស្សី ២៦០ដើម និង បានចាក់លែងត្រីចម្រុះមានទម្ងន់ប្រមាណ ១០០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពពូជត្រី៕ដោយ៖ឡុង សំបូរ