ប្រជាពលរដ្ឋស្រុកព្រែកប្រសព្វ បានស្នើដល់អាជ្ញាធរខេត្តក្រចេះ ជួយដោះស្រាយសំណូមពរជាច្រើនចំណុច ដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន

0

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រែកប្រសព្វ បានស្នើដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យជួយដំណោះស្រាយបញ្ហាប្រឈមជាច្រើនចំណុច នៅក្នុងមូលដ្ឋាន ក្នុងនោះមានដូចជា សុំជួសជុលស្តារប្រព័ន្ធស្តុបទឹក និងស្រោចស្រព (បឹងនិងប្រឡាយ) សុំឱ្យជួយជួសជុលផ្លូវ និងស្ពានឆ្លងព្រែក ដែលមានសភាពចាស់ទ្រុឌទ្រោម ពិបាកចេញចូលដឹកកសិផល សុំឲ្យបង្កើតអនុវិទ្យាល័យក្នុងឃុំ និងជួយពិនិត្យបញ្ហាអគ្គិសនី មានការឡើងកុងទ័រ ខណ:ចរន្តមានការដាច់ញឹកញាប់។

បញ្ហាប្រឈមជាច្រើនចំណុច ដែលប្រជាពលរដ្ឋលើកយកមក ស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយឆ្លើយតប និងដោះស្រាយនោះ បានធ្វើឡើងក្នុងវេទិកាសាធារណៈមួយ​ នាថ្ងៃទី១១កញ្ញា២០២៤ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ វេទិកានោះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍ កម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ លោក ស្រេង សុភាព អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ស្របពេលជាមួយគ្នានោះ អង្គវេទិកាបានទទួល និងក្តាប់បាននូវបញ្ហា សំណូមពរមួយចំនួន និងបានធ្វើការពន្យល់បកស្រាយ និងដោះស្រាយនៅនឹងកន្លែង ពីមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្ត-ស្រុក-ឃុំ ភ្លាមៗ ផងដែរ។

អភិបាលរងខេត្តក្រចេះ លោក ស្រេង សុភាព ប្រធានអង្គវេទិកា  បានបញ្ជាក់ថា សំណើរ និងសំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំ មានគម្រោងមូលនិធិផែនការឃុំស្រាប់ សូមឲ្យឃុំពិនិត្យចាត់ជាអាទិភាពប្រចាំឆ្នាំ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវចុះពិនិត្យជាក់ស្តែងលើផលប៉ះពាល់ និងបច្ចេកទេស ។

លោក ស្រេង សុភាព បានបន្តថា ការបង្កើតអនុវិទ្យាល័យ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញ ឃុំ១ ត្រូវមានអនុវិទ្យាល័យ១ ទៅតាមលទ្ធភាព និងតាមស្ថានភាពភូមិសាស្រ្តប្រជាពលរដ្ឋ ដោយឡែក ជាក់ស្តែងនៅឃុំនេះមានអនុវិទ្យាល័យ២ ស្រាប់ហើយ ដូច្នេះ សូមឲ្យពង្រឹងការងារសិក្សា និងប្រើប្រាស់ធនធានដែលមានឲ្យអស់សិន ។

លោកអភិបាលរងខេត្តក្រចេះ បានស្នើរឲ្យរដ្ឋបាលស្រុកព្រែកប្រសព្វ សហការជាមួយមន្រ្តីមានសមត្ថកិច្ច រួមនឹងអាណាព្យាបាល បន្តពង្រឹង និងពិនិត្យ លើការងារភូមិឃុំមានសុវត្ថិភាព-ពិនិត្យតាមដាន និងជម្រុញកូនឲ្យមករៀនឲ្យបានជាប់ជាប្រចាំ និងជម្រុញណែនាំកូនឲ្យមកចុះឈ្មោះចូលរៀនជំនាញ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនឥសាន្ត ដើម្បីលើកស្ទួយកម្រិតជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃ និងលើកម្ពស់ការងារក្នុងស្រុក កាត់បន្ថយការចំណាកស្រុក៕ ដោយ៖ឡុង សំបូរ