ក្រុមហ៊ុនរ៉ែមាស សឹងយន្តគ័ងយិក ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោយពីថ្មបានធ្លាក់សង្កត់កម្មករម្នាក់ស្លាប់ នៅអណ្តូងរ៉ែទី១ ក្នុងខេត្តក្រចេះ

0

ខេត្តក្រចេះ៖ ក្រុមហ៊ុនរ៉ែមាស សឹងយន្តគ័ងយិក ដែលមានអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ ត្រូវបានផ្អាកដំណើរការ ប្រតិបត្តិការធនធានរ៉ែ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការចុះពិនិត្យ វាយតម្លៃ និងការចាត់វិធានការពី អគ្គនាយកដ្ឋានធនធានរ៉ែ បន្ទាប់ពីថ្មបានធ្លាក់សង្កត់ធ្វើឱ្យកម្មករម្នាក់ស្លាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់ពីលោក រ័ត្ន តុលា ប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤នេះ។

ឧបទ្ទវហេតុបាក់ថ្មធ្លាក់សង្កត់កម្មករម្នាក់ស្លាប់នេះ បានកើតឡើងក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានបណ្តាលឱ្យកម្មកររ៉ែមាសម្នាក់ ឈ្មោះ ផុន សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង រងរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ។

ជុំវិញករណីនេះ លោក រ័ត្ន តុលា ប្រធានស្ដីទី មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ចំពោះក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រង កំពុងតែចរចា ដើម្បីជូនប្រាក់ឧបត្ថម្ភដល់កម្មករ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងពេលបំពេញការងារជាមួយក្រុមហ៊ុន។

លោក រ័ត្ន តុលា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនខាងលើមានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (លើកទី៣) លេខ ០០០៥ រថ.អធរ.អប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងរ៉ែ និងថាមពល៕ដោយ៖ឡុង សំបូរ