ខេត្តកំពត: ក្នុងបណ្តាញសង្គម Facebook លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានផ្ញើសារជូនអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវតែដកខ្លួនឲ្យឆ្ងាយពីគ្រឿងញៀនជាបន្ទាន់ ព្រោះការប្រើប្រាស់គ្រឿងញៀន នឹងបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ដូចជាការបំផ្លាញគ្រួសារខូចអនាគត និងប៉ះពាល់ដល់សង្គមជាតិផងដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក Facebook នេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរថា៖« សារជូនប្អូនៗដែលប្រើប្រាស់គ្រឿងញៀន នៅពេលនេះគឺមិនទាន់ហួសពេលសម្រាប់ធ្វើការដកខ្លួនចេញឲ្យឆ្ងាយពីគ្រឿងញៀននោះទេ! ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារ និងអនាគតរបស់ប្អូនៗតែម្តង»។
លោកស្នងការបានសរសេររៀបរាប់ទៀតថា «យើងអាចជ្រើសរើសការសប្បាយបានច្រើនយ៉ាង ដោយពុំបាច់សប្បាយការប្រើប្រាស់គ្រឿងញៀននោះទេ គ្មាននរណាម្នាក់រីកចម្រើន ឬជោគជ័យក្នុងជីវិត ដោយសារការប្រើប្រាស់គ្រឿងញៀននោះឡើយ ដកខ្លួននៅពេលនេះ គឺមិនទាន់ហួសពេលទេ សូមគិត និងពិចារណាដោយខ្លួនឯង បំណងល្អចំពោះប្អូនៗទាំងអស់គ្នា»។ចូរបងប្អូនជ្រើសរើស ការហាត់កីឡា ឬការដើរលេងកម្សាន្តតាមតំបន់នានា ដើម្បីបង្កើនភាពរីករាយក្នុងជីវិត។សូមប្អូនៗជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
គួរកត់សម្គាល់ដែរថា តាមរយៈសារខាងលើនេះពិតជាមានអត្ថន័យជ្រាលជ្រៅ ដែលជាការណែនាំទៅដល់យុវជន យុវតីដែលកំពុងភ្លើតភ្លើងប្រើប្រាស់គ្រឿងញៀន ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ និងផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន ដែលជាកក្តាបំផ្លាញទាំងសុខភាព និងអនាគត។ ចំពោះសារដ៏មានអត្ថន័យនេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីគ្រប់មជ្ឈដ្ឋាន ពិសេសអ្នកលេងបណ្តាញសង្គម Facebook ទាំងក្នុងនិងក្រៅប្រទេស៕ សេង ណារិទ្ធ