កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅវេលាម៉ោង ៣:៤០នាទី ទាបភ្លឺ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ឯកឧត្តម នួន ផារ័ត្ន និង ឯកឧត្តម ដៀប ពីរី បានសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះឯកឧត្តម លុក សម្បត្តិ ដែលជាចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែង ចំពោះ មរណភាពរបស់ឯកឧត្តម លុក សម្បត្តិ គឺជាការបាត់បង់ស្វាមី ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌បំពេញការងារនៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាយូរឆ្នាំមកហើយ បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំសូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។ អត្ថបទលោក ធូ កែវមុន្នី