កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ រួមមាន ចាស់ជរាគ្មានទីពឹង និងមានជម្ងឺ ៤៦គ្រួសារ ព្រមទាំង ស្ត្រីមេម៉ាយក្រលំបាក ៥គ្រួសារ ។
ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតនោះ , ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មានសន្តិភាព ដូចនេះសន្តិភាពជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ យើងប្តេជ្ញាបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ មានឱកាស បន្តអភិវឌ្ឍន៍ ប្រទេសជាតិ ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥១គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន- អង្ករ ២៥គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និងថវិកា ៥០,០០០ រៀល ផងដែរ ៕