ខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបញ្ជូនទៅតុលាការ បុរសម្នាក់ជាប់ពាក់ព័ន្ធនឹងបទប្រើអំពើហឹង្សា ប៉ុនប៉ងមនុស្សឃាតលើឈ្មោះ លន់ ឡេង ត្រូវបានសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៦
ខែតុលា ឆ្នាំ ២០១៤ ដើម្បីដោះស្រាយតាមនីតិវិធី តាមដីការលេខ២០០២ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៤ របស់លោក គឹម ហុងសាន ព្រះរាជ អាជ្ញារង នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ។
លោក លឹម ហាក់ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា បុរសដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ ស ផល្លា ភេទប្រុស មានទីលំនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងមនុស្សឃាត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ឈ្មោះ ស ផល្លា ដែលមានទីលំនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានមុខរបរជាអ្នកគួកជេរម៉ូតូនឹងជាប្រជាការពារភូមិ បានយកពូថៅដែលមានដងប្រវែងជិត មួយម៉ែត្រ ដេញកាប់ឈ្មោះ លន់ ឡេង នៅហាងកាហ្វេរមួយកន្លែង ឈ្មោះ សុខុន ឥន្ធនូស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ក្រោយមកជនរងគ្រោះឈ្មោះ លន់ ឡេង បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ នគរបាលសង្កាត់ប្អេរ ដើម្បីឲ្យសមត្ថកិច្ចផ្តល់យុត្តិធម៏ នឹងចាត់វិធានការណ៏លើជនល្មើសតាមផ្លូវច្បាប់ ។បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស ផល្លា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី នៅវេលាម៉ោង១១ ថ្ងៃដដែល ៕