វត្តចំនួន៦ នៅខេត្តបាត់ដំបង និង៥វត្ត នៅខេត្តព្រៃវែង បានទទួលអង្គកឋិនទាន របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារ សប្បុរសជនក្នុង និងក្រៅប្រទេស និងថវិការ១៤០លានរៀល ក្នុងមួយវត្តៗ ដើម្បីជួយលើកស្ទួយវិស័យ
សាសនា ឲ្យកាន់តែរីកចម្រើនឡើង។
ពិធីដង្ហែរអង្គកឋិនទានទាំង១១វត្ត របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ នៅបរិវេណវត្ត ស៊ិន ជិមធម្មនិមិត្ត ហៅវត្ត ស្រែ១០០ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង។ នៅក្នុងឱកាសនោះ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រ មណ្ឌល់បាត់ដំបង បានមានប្រសាសន៏ថា រហូតមកដល់ពេលនេះ វិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំង ដោយមានវត្តអារាម និងព្រះសង្ឃ បានរីកដុះដាលយ៉ាងច្រើន នៅទូទាំងប្រទេស ។
ទាំងនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព និងជាយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការកសាង និងអភិវឌ្ឍន៏ ទៅលើវិស័យអាណាច កសាងប្រទេសជាតិ ឲ្យរីកចម្រើន ប៉ុន្តែវិស័យពុទ្ធចក្រ ក៏មានការអភិវឌ្ឍន៍យ៉ាងលឿន និងរីកចម្រើនដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែងអង្គកឋិនទានពេលនេះ គឺបានប្រារព្ធដង្ហែជាមួយគ្នា ទាំងវត្តចំនួន៥ នៅខេត្តព្រៃវែង និងចំនួន៦វត្ត នៅខេត្តបាត់ដំបង ។ អង្គកឋិន បានទទួលបានការចូលរួម ពីក្រុមការងារ និងសប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងអាជ្ញាធរ ខេត្តបាត់ដំបង មានថវិការចំនួន៤០មឺនដុល្លារ ប៉ុន្តែទៅតាមការបែងចែក គឺនៅតាមវត្តនិមួយៗ បានទទួលអង្គកឋិនមួយ និងថវិកាសង្កត់ត្រៃយ៍ ចំនួន១៤០លានរៀល ក្នុងមួយវត្តស្មើរៗគ្នា ដើម្បីយកទៅប្រើប្រាស់ សម្រាប់កសាង និងថែរទាំ និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃផងដែរ ៕