ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដឹកនាំកម្លាំងក្រោមឱវាទ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ពី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុច ផ្លូវកោង ជិតចម្ការមាន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងប្រតិបត្តិការនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្រៅពីការដឹកនាំបញ្ជាបង្ក្រាបករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និងទីតាំងទទួលបញ្ចាំ ដោយគ្មានលិខិតស្នាមច្បាស់លាស់នោះមក លោកអភិបាលខេត្ត ដោយមានការចូលរួមពី អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល និងសង្កាត់ស្ទឹងត្រែង បានបន្តដឹកនាំកម្លាំងអាវុធហត្ថ ចុះបង្ក្រាបករណីជនបែកថ្នាំ ប្រើប្រាស់កាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិ ធ្វើទុក្ខបុកម្នេញអ្នកដ៏ទៃ និងគំរាមកំហែងបង្កការភ័យខ្លាចដល់អ្នកជិតខាង បានមួយករណីថែមទៀត។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំបញ្ជាដោយផ្ទាល់ និងក៏មានការចូលរួមសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបន្តថា ក្រោយការចុះបង្ក្រាប អាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតថ្នាំញៀន១៧កញ្ចប់តូច ព្រមទាំង ម៉ូតូចំនួន ៩គ្រឿង ដែលគេយកមកបញ្ចាំ ដោយគ្មានលិខិតស្នាមច្បាស់លាស់។ លោកថា សម្រាប់ម៉ូតូ ដែលបានយកទៅបញ្ចាំ ( ប្រសិនបើម្ចាស់ម៉ូតូ មានឯកសារគ្រប់គ្រាន់ ម្ចាស់ម៉ូតូ អាចមកទទួលយកម៉ូតូវិញបាន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង )។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ក៏មានអ្នកធ្លាប់ជាប់ពន្ធនាគារ ម្តង ពីរដង រួចមកហើយដែរ ប៉ុន្តែ ពួកនេះនៅតែមិនចេះរាងចាល។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់ ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ