លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាជួសជុលផ្លូវលំប្រវែង ៥គីឡូម៉ែត្រ

0

កំពង់ធំ÷ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា រួមជាមួយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាននិងសហការី បានអញ្ជើញជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤។

លោកបានបញ្ជាក់នៅក្នុងឱកាសនោះថា ដោយមានការនិមន្តបិណ្ឌបាត ពីសំណាក់ព្រះគ្រូចៅអធិការវត្តទំពេច ព្រមទាំងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្ថានភាពជាក់ស្ដែងដែលផ្លូវមានការខូចខាត លោកបានជួសជុលផ្លូវនេះឡើងវិញដោយមានក្រាលគ្រួសក្រហមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋានជាពិសេសបានផ្លូវលំងាយស្រួលក្នុងការធ្វើដំណើរនិងប្រជាពុទ្ធបរិស័ទបានទៅវត្តធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ជាមួយនេះផងដែរលោកបានណែនាំដល់ក្រុមបច្ចេកទេសដែលកំពុងដំណើរការជួសជុលផ្លូវនេះត្រូវធ្វើផ្លូវនេះឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងឲ្យបានទាន់ពេលវេលានាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះដែលនឹងប្រព្រឹត្តទៅនៅរយៈពេលខ្លីខាងមុខនេះ ដែលប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន ទាំងជិតឆ្ងាយអញ្ជើញទៅធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដឹកកសិផលនិងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួលនិងសុវត្ថិភាពជាងមុន។

លោកប្រធានក្រុមការងារបានសំណូមពរដល់ព្រះសង្ឃព្រមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋានសូមចូលរួមថែរក្សាផ្លូវនេះដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង៕