លោកស្នងការនគរបាលខេត្តកំពង់ធំ បានដាក់គោលការណ៍៦ចំណុច ដល់កងកម្លាំងនគរបាលស្រុកប្រាសាទសំបូរ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាសុខសុវត្ថិភាពជូនសង្គមជាតិ

0

កំពង់ធំ÷ ដើម្បីចង់ដឹងសុខទុក្ខ របស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានឆ្មក់ចុះត្រួតពិនិត្យភូមិសាស្ត្រ និងកងកម្លាំងនគរបាលស្រុកប្រាសាទសំបូរ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាសុខសុវត្ថិភាពជូនសង្គមជាតិ។

ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានឆ្លៀតឱកាស ជួបសំណេះសំណាល និងត្រួតពិនិត្យវត្តមានជាក់ស្តែង កងកម្លាំងនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី បានលើកឡើងអំពីស្នាដៃគុណសម្បត្តិ របស់បងប្អូនកងកម្លាំងនគរបាលជាតិចំពោះកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក ធានាបានសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះដើម្បីឆ្លើយតបចំពោះការលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងអនុវត្តន៍ សម្រាប់បានជោគជ័យ បេសកកម្ម ថ្នាក់ដឹកនាំប្រគល់ជូន លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បាននាំយក
សម្ភារៈ ថវិកា ប្រគល់ជូន អធិការដ្ឋាននគរបាលប្រាសាទសំបូរ ទទួលបានរោងចល័តចំនួន០២គ្រឿង និងអាវភ្លៀងមួយចំនួន ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដល់កងកម្លាំង សម្រាប់កិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រគល់ថវិកា ក្នុងម្នាក់ៗ ចំនួន៥០,០០០ រៀលដែលជាប្រាក់ឧបត្ថម្ភ របស់អគ្គស្នងការនគរបាលជាតិ និងថវិកា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្យ ។

បន្ថែមប្រសាសន៍ សំណេះសំណាល លោកស្នងការ បានថ្លែងក្រើនរំលឹកដាស់តឿនដល់កងកម្លាំងរួមមាន÷ ១.ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋ។ ២.បន្តពង្រឹងគោរពបទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាព និងការគោរពអនុវត្ត តួនាទី ភារកិច្ចគ្រប់ឋានានុក្រម មានសាមគ្គីភាព អង្គឯកភាព  ប្រកបដោយការទំនួលខុសត្រូវ គួរឲ្យមានមោទនភាព សាកសមជាអ្នកបំរើសេចក្ដីសុខជូនប្រជាពលរដ្ឋ។ ៣.ការគ្រប់គ្រងដឹកនាំបញ្ជា។ ៤.របៀបរបបការងារជំនាញ។ ៥.ផ្លាស់ប្ដូរវេនប្រចាំបញ្ជា។ ៦.ថែទាំសុខភាព រៀបចំធ្វើអនាម័យបរិស្ថាន ជុំវិញកន្លែងបំពេញភារកិច្ច។

លោកស្នងការ ថ្លែងសង្កត់ធ្ងន់ ដល់ថ្នាក់ដឹកនាំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ២៤ម៉ោងលើ ២៤ម៉ោង ផ្ដល់សេវាសាធារណៈ រងចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន សម្រាប់កិច្ចប្រតិបត្តិការ សណ្តាប់ធ្នាប់សាធារណៈ កិច្ចអន្តរាគមន៍ សង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ ណាមួយដែលអាចកើតឡើងជាចៃដន្យ ៕ អត្ថបទ​វេហាស៍