អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនកងកម្លាំងប្រដាប់អាវុធ នៅតំបន់ព្រំដែនកម្ពុជា-ឡាវ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌ

0

ខេត្តស្ទឹងត្រែង៖ កងកម្លាំងប្រដាប់អាវុធ ជាពិសេសកម្លាំងកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ តាមរដ្ឋរយៈ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកោះទន្សាយ ទីបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១ និងកងពលតូចអន្តរាគមន៍លេខ១២៨ នៃខេត្តស្ទឹងត្រែង នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី១៨កញ្ញា២០២៤ ខាងមុខនេះ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ ដែលអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បាននាំយកទៅផ្តល់ជូនកងទ័ពប្រចាំព្រំដែននាពេលនោះ រួមមាន៖ កម្លាំងបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១ ទទួលបាន អង្ករ ២ពាន់គីឡូក្រាម ,ត្រីខកំប៉ុង ២កេស ,មីម៉ាម៉ា ៥០កេស ,ទឹក្រូច ២០កេស ,ទឹកបរិសុទ្ធ ១០០យួរ ,ភួយ ២០០ និងថវិកា ៣លានរៀល។ ដោយឡែក កម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបាន អង្ករ ២ពាន់គីឡូក្រាម ,ត្រីខកំប៉ុង ២កេស ,មីម៉ាម៉ា ៥០កេស ,ទឹក្រូច ២០កេស ,ទឹកបរិសុទ្ធ ១០០យួរ ,ភួយ ២០០ និងថវិកា ៣លានរៀល ផងដែរ។

អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា​ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ សែន ប្រធានព្រឹទ្ធសភាជាតិ  ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដ៏អង់អាចក្លាហាន ទាំងនៅទិសជួរមុខ និងជួរក្រោយ ផងដែរ។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែង កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នូវភាពអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដឹក ចូលរួមថែរក្សាបាន នូវសុខសន្តិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវពង្រឹងការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាជន ដើម្បីឱ្យពិធីបុណ្យនេះ មានភាពសប្បាយរីករាយ និងទទួលបាននូវសុខសុវត្ថិភាព ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវរួមគ្នាដោះស្រាយស្ថានការណ៍ ឬ សភាពការណ៍ ដែលកើតមានឡើងឱ្យបានល្អប្រសើរ។

គួរបញ្ជាក់ថា សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ (កម្លាំងយោធា អាវុធហត្ថ កម្លាំងនគរបាលខេត្ត) និងមន្រ្តីអនុរក្សពន្ធនាគារខេត្ត នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤កញ្ញា២០២៤ រួមមាន៖ អង្ករ ត្រីខកំប៉ុង មីម៉ាម៉ា ទឹកក្រូច ទឹកបរិសុទ្ធ ភួយ និងថវិកា ១៤លានរៀល។

ស្របពេលជាមួយគ្នានោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានធ្វើការបែងចែកអំណោយ ជូនកម្លាំងយោធា អាវុធហត្ថ នគរបាលខេត្ត ក្នុងមួយអង្គភាព ទទួលបាន អង្ករ ត្រីខកំប៉ុង មីម៉ាម៉ា ទឹកក្រូច ទឹកបរិសុទ្ធ ភួយ និងថវិកា ៤លានរៀល ដោយឡែក  មន្ត្រីអនុរក្សពន្ធធនាគារខេត្ត ក្រៅទទួលបានគ្រឿងឧបភោគ បរិភោគ និងភួយ ក៏ទទួលបានថវិកា ២លានរៀល ពីរដ្ឋបាលខេត្តស្ទឹងត្រែង ផងដែរ៕ដោយ៖ឡុង សំបូរ