ស្នងការនគរបាលខេត្តកំពង់ធំបាន បានបើកវគ្គបំប៉នជំនាញតួនាទី/ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារនគរបាល និងសហគមន៍ 

0

ដោយ វេហាស៍

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាល និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី/ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារនគរបាល និងសហគមន៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្លើយតបការបំរើសេវាសាធារណៈ និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ចំពោះអស់លោក លោកស្រី ដែលមានវត្តមានក្នុងឱកាសនេះពាក់ព័ន្ធនិងការងារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្របសម្រួល រវាងលោកអភិបាលរង ទទួលការងារសន្តិសុខ លោកមេឃុំ ចៅសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីនគរបាល ឱ្យគាត់យល់ដឹងពីតួនាទី និងភារកិច្ច របស់ខ្លួន កិច្ចសហការបានល្អ ដើម្បីកាត់បន្ថយបទល្មើស តាមភូមិសាស្ត្រដែលស្មុគស្មាញ ។

លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានណែនាំ ដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ គោរពអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុង របស់វគ្គបណ្តុះបណ្តាល រក្សាភាពស្ងប់ស្ងាត់ ខិតខំត្រងត្រាប់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ចំណេះដឹង ផ្ដល់ដោយគ្រូឧទ្ទេសនាម មេរៀនដែលត្រូវបានលើកមក វគ្គបណ្តុះបណ្តាលនាឱកាសនេះ រួមមាន÷ ១.ការងារនគរបាល និងសហគមន៍។ ២.ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ៣.វិធានការទប់ស្កាត់ជួញដូរមនុស្ស និងការពារអនីតិជន។ ៤.ការងារស្រាវជ្រាវមូលដ្ឋានបម្រើឱ្យកិច្ចការសន្តិសុខ។ ៥.ការចុះបញ្ជី និងការគ្រប់គ្រងការស្នាក់នៅ។ ៦.តួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាល រដ្ឋបាល ប្រកាស (៤៤១២ប្រក)។ ៧.ច្បាប់ចរាចរណ៍ផ្លូវគោក។ ៨.វិធានការបង្ការពន្លត់អគ្គីភ័យ។ ៩.ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។១០.ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ប្រធានគ្រប់គ្រងវគ្គ បានឱ្យដឹងថា÷ វគ្គបណ្ដុះបណ្ដាលរយៈពេល ១២ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ មានគ្រូបង្គោលចំនួន១០រូប សិក្ខាកាម ២៧៥នាក់ ស្រី៣៨នាក់ មកពីក្រុងស្រុកទាំង០៩រួមមាន លោកអភិបាលរងលោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលផងដែរ ៕