កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះ ថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមរបស់ខេត្តកំពង់ចាមយើង ដែលទាមទារឱ្យមានការដាក់ចេញនូវ វិធានការចាំបាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ កុំឱ្យមានការកើនឡើង ខ្ពស់ពេក ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការ ណែនាំ និងវិធានការរិតបន្ដឹងច្បាប់ចរាចរផងដែរ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណ ត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹង បញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងខែសីហាកន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ ៦ករណី បើប្រៀបធៀបទៅនឹងខែកក្កដា កើនឡើងចំនួន ៩ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ ១៣នាក់ លើ ៩នាក់ និងអ្នករងរបួសមានចំនួន ១៥នាក់ ខណៈពេលភ្ជុំបិណ្ឌខាងមុខនេះ មានប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវច្រើន ធ្វើយ៉ាងណាត្រូវកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ កុំឱ្យមានការកើនឡើងបន្តទៀត ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានលេីកឡេីងថា ពាក់ពន្ធ័នឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងខែសីហាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៣លើក បើប្រៀបធៀបនឹងខែកក្កដា ថយចុះចំនួន ១លើក ។ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ច បង្ក្រាបបាន ចំនួន ២៣ករណី លើ ១៩ករណី គឺការងារបង្ក្រាបមានការកើនឡើងចំនួន ៧ករណី ក្នុង នោះមានការបង្ក្រាប ១ករណីនៅស្រុកបាធាយ ដែលសមត្ថកិច្ចរឹបអូសបាននូវសារធាតុញៀនចំនួន ២គីឡូក្រាម រួមនឹងជនសង្ស័យ បញ្ជូនទៅតុលាការ ដោយមុខសញ្ញាធំនៅខេត្តផ្សេង ទាមទារឱ្យ មានការចូលរួមសហការ ដើម្បីធ្វើការស្រាវជ្រាវបង្ក្រាបបន្តទៀត ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែ សីហា និង លើកទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការដាក់ឱ្យប្រើប្រាស់ នូវសេចក្តី ណែនាំ និងសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអុនវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម និងបញ្ហាផ្សេងៗ ៕