លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានទទួលឧបករណ៍ សម្ភារៈបច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

0

ដោយ វេហាស៍

កំពង់ធំ÷ ស្នងការដ្ឋាននគរបាលខេត្ត បន្តពន្លឿនការងារ ផ្ដល់សេវាសាធារណៈផ្សេងៗ ជាពិសេស ការងារធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលគ្រប់ អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ ករណីអត្តសញ្ញាណប័ណ្ណបាត់ កែតម្រូវ និងរបេីកខូច បងប្អូនត្រូវរាយការណ៍ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្នេីសុំបោះពុម្ពឡេីងវិញ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យមន្ត្រីនគរបាល ការិយាល័យជំនាញ ដែលកំពុងមមាញឹកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះ នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ឧបករណ៍ សម្ភារៈបច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីពន្លឿនការងារអត្ដសញ្ញាណប័ណ្ណផ្តល់អត្ដសញ្ញាណប័ណ្ណថ្មី និងផ្តល់បន្តសុពលភាពជូនប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់ ក្នុងកិច្ចការងាររដ្ឋបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានប្រគល់ឧបករណ៍ សម្ភារៈបច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ស្នងការដ្ឋាននគរបាលខេត្តរួមមាន÷ ១.ម៉ាស៊ីនប្រមូលទិន្នន័យចល័តចំនួន៤១ គ្រឿង ២.ផ្លាស់ចំនួន៤១គ្រាប់, ៣.ម៉ាស៊ីនមេបញ្ជូនទិន្នន័យចល័តចំនួន០២គ្រឿង, ៤.ម៉ាស៊ីនបោះពុម្ពរបាយការណ៍ ចំនួន០១ គ្រឿង, ៥.ឧបករណ៍ ភ្ជាប់បណ្ដាញចំនួន០១គ្រឿង។

ឯកឧត្តម បានផ្ដាំផ្ញើ ដល់មន្ត្រីជំនាញ បន្ទាប់ពីទទួលយកសម្ភារៈបច្ចេកទេស នេះទៅត្រូវថែរក្សា ឲ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង និងណែនាំ ដល់លោកអធិការនគរបាលទាំង០៩ក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាចាត់ចែងមន្ត្រីនគរបាលរដ្ឋបាល យកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានរបស់គាត់។