សៀមរាប ៖ ទិដ្ឋភាពដ៏អធឹកអធ័ម ដែលបានបង្ហាញនូវភាពអស្ចារ្យនៃទឹកដីមហានគរដ៏បឋរ ក្នុងកម្មវិធី Gumball 3000 ឆ្នាំ២០២៤ ដែលជាព្រឹត្តដ៏សំខាន់មួយ នូវការដាក់តំាងបង្ហាញរថយន្តទំនើប ទាំងនៅក្នុងប្រទេសកម្ពុជា និងនាំមកពីបណ្តាប្រទេសមួយចំនួន បានចូលរួមច្រើនជាងគេនៅលើពិភពលោក ដែលបានរៀបចំនៅទីមុខប្រាសាទអង្គរ នាខេត្តសៀមរាប ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបានរៀបចំឡើងដោយ ក្រសួងទេសចរណ៍ ដើម្បីបង្កើនភ្ញៀវទេសចរណ៍ និងបង្ហាញឲ្យភ្ញៀវអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើនឡើង។
ព្រឹត្តិការណ៍ បង្ហាញនូវរថយន្តសេរីទំនើបនាមុខប្រាសាទអង្គរនាព្រឹកនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបចូលរួម ព្រមទាំងបានសំណេះសំណាលជាមួយ ប្រតិភូមិម្ចាស់រថយន្ត ប្រកបដោយភាពទទួលរាក់ទាក់ដោយកក់ក្តៅជាទីបំផុត រីឯក្បួនរថយន្តបានបង្ហាញខ្លួននៅក្នុងខេត្តសៀមរាបចំនួន២ថ្ងៃ គឺថ្ងៃទី១៦និង១៧ សម្រាប់ថ្ងៃទីមួយក្បួនរថយន្តបានតាំងបង្ហាញនៅមុខសួនច្បារព្រះរាជតំណាក់ លុះពេលយប់បានរំកិលខ្លួនមួយចំនួន ចូលផ្សារាត្រីផាប់ទ្រីត រួមទាំងទីតាំងមួយចំនួននៅក្នុងទីរួមខេត្តសៀមរាប ចំណែកថ្ងៃ១៧ ក្បួនរថយន្តបានជួបជុំគ្នានៅមុខប្រាសាទអង្គរ ជាច្រើនរយគ្រឿង បន្ទាប់មកក៏បានធ្វើដំណើរឆ្ពោះទៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវវេលាម៉ោង១០.៣០នាទីព្រឹក ។
អុំស្រីម្នាក់ជាអជីវករលក់ម្ហូបអាហារក្នុងបរិវេណមុខអង្គរ បានឲ្យដឹងថា ចង់ឲ្យមានកម្មវិធីដូចព្រឹត្តិការណ៍នេះ ឬពិធីផ្សេងនៅក្នុងខេត្តសៀមរាប ដើម្បីបង្កើននូវភ្ញៀវទេសចរណ៍ មកកម្សាន្តមកទស្សនាប្រាសាទ និងបានបន្តថា បើកាលណាមានកម្មវិធីអី និងមានប្រជាពលរដ្ឋនាំគ្នាមកលេងច្រើន ពួកគាត់អាចលក់ដូរបាន ក្នុងនោះក៏បានបញ្ជាក់ថា បើគ្មានកម្មវិធីពុំសូវមានភ្ញៀវមកលេងនោះឡើយ ជាចុងក្រោយអុំស្រីបានថ្លែងអំណរគុណសម្តេចមហាបឋរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានរៀបចំឲ្យមានកម្មវិធីបង្ហាញរថយន្តក្នុងខេត្តសៀមរាប ។
ដោយ ប៊ុន រដ្ឋា