ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិការបស់ថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូនលោកវរសេនីយ៍ទោ ប៉ែន ឡន ដែលទទួលរងគ្រោះ ថ្នាក់ដោយឧបទ្ទវហេតុ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ជាថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ទៅសំណេះ សំណាលសាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ប៉ែន ឡន នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុបណ្ដាលឲ្យបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងប៉ះពាល់រាងកាយមួយចំនួនទៀត ដោយត្រូវធ្វេីការវះកាត់ ហើយកំពុងសម្រាកព្យាបាលរបួស និងជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការគ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះ ហើយបានណែនាំដល់លោកវរសេនីយ៍ទោ ប៉ែន ឡន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ក្នុងការព្យាបាលរបួសនិងជំងឺ ដើម្បីឆាប់បានជាសះស្បើយ វិល ត្រឡប់ទៅបំពេញភារកិច្ចនៅក្នុងអង្គភាពវិញ ។ នៅក្នុងឱកាសនេះដែរ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកកន្ត្រកផ្លែឈេី និងថវិកាចំនួន៣,០០០,០០០​ លាន រៀល ដែលជាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងនាយទាហាន នាយទា ហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧបត្ថម្ភជូនលោកវរសេនីយ៍ទោ ប៉ែន ឡន និងក្រុមគ្រួសារ ដើម្បីចាត់ចែងក្នុងការព្យាបាលជំងឺ និងរបួសនៅពេលនេះ ។

លោកវរសេនីយ៍ទោ ប៉ែន ឡន បានថ្លែងនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការរង និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាន ដែលបានជួយឧបត្ថម្ភថវិកាដល់គាត់ ដែលកំពុងមានការខ្វះខាតក្នុងការព្យាបាលជំងឺ របួសនៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។