ឯកឧត្តម សាន វិសាល បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤.១០០ម៉ែត្រ

0

អត្ថបទលោក ធូ កែវមុន្នី

កំពង់ធំ÷ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និងមន្ត្រីបច្ចេកទេសក្រសួង អមដំណើរដោយលោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤.១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាទំនប់បង្ហៀរចំនួន១កន្លែង ប្រវែង៤៥ម៉ែ្រ ទទឹង៨ម៉ែត្រ លូប្រអប់មុខបីចំនួន២កន្លែង លូប្រអប់មុខមួយចំនួន៣កន្លែង លូមូលមុខ២ចំនួន៦កន្លែង លូមូលមុខមួយចំនួន១កន្លែង  និងស្លាកឈ្មោះគម្រោងចំនួន២កន្លែង(គម្រោងលេខDRR-NC-2023-No.060)។
អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក៦១ ស្ថិតនៅភូមិតាំងស្ទោង ទៅភូមិថ្មី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម សាន វិសាល បានលើកឡើងថាក្រសួងបានកំពុងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។

តាមរយៈផ្លូវនិងស្ពានខាងលើនេះឯកឧត្តមរដ្ឋលេខាធិការ ជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានកោតសរសើរចំពោះនាយកដ្ឋានផ្លូវលំនៅជនបទ ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការថែទាំងផ្លូវ និងស្ពានទាំងនោះបានល្អប្រសើរ ដែលនេះគឺជាការធានាដល់ ការប្រើប្រាស់គ្រប់រដូវកាល សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្តល់ប្រយោជន៍សាធារណៈផងដែរ។

ឯកឧត្តម សាន វិសាល ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមបានពាំនាំនូវ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតា ស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចទាំងតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ ៕