ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្របុរីជិត៥០០គ្រួសារ ប្រឈមនឹងជំនន់ទឹកភ្លៀង អាជ្ញាធរខេត្តក្រចេះ បានជូនដំណឹងពីការហក់ឡើងនៃទឹកទន្លេមេគង្គ !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ៤៥៦គ្រួសារ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានប្រឈមនឹងជំនន់ទឹកភ្លៀង អាជ្ញាធរខេត្ត និងមន្ត្រីនៅថ្នាក់មូលដ្ឋាន នៅថ្ងៃទី១៧កញ្ញានេះ បានជូនដំណឹងពីការហក់ឡើងនៃជំនន់ទឹកទន្លេមេគង្គ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម រួមទាំងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្យាករថា តំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសថៃ និងឡាវ មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ ហក់ឡើងដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ទៅ ៥ថ្ងៃខាងមុខ និងនៅថ្ងៃនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ មានកម្ពស់១៩,៨៤ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នមានកម្ពស់ ២២ម៉ែត្រ។
ខណៈដែលទឹកទន្លេមេគង្គបានហក់ឡើងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ក៏ត្រូវគេរាយការណ៍ថា បានត្រៀមកម្លាំងសរុប មធ្យោបាយសរុប ថ្នាំពេទ្យ សម្ភារៈបរិក្ខាប្រើប្រាស់ ដើម្បីត្រៀមអន្តរាគមន៍សង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព គេចចេញពីការជន់លិចរួចរាល់នោះហើយ។ ទោះយ៉ាងណា ខណៈនេះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក៏មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង និងណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងទន្លេមេគង្គ តាមដានពីស្ថានភាពទឹកជំនន់ឱ្យបានជាប់ជាប្រចាំ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែង ដល់សុវត្ថិភាពរបស់បងប្អូន។
ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀន ជាពិសេសសិស្សានុសិស្ស និងអាណាព្យាបាល ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់សុវត្តិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។
សូមជម្រាបថា មុនការជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ស្រុកចិត្របុរី បានរងនឹងការធ្លាក់ភ្លៀង បង្កឱ្យមានជំនន់ប៉ះពាល់ដល់ឃុំចំនួន៥ គឺ ឃុំដារ ឃុំបុសលាវ ឃុំថ្មី ឃុំកន្ទួត និងឃុំសំបុក បានបណ្តាលឱប្រជាពលរដ្ឋប្រមាណ ៤៥៦គ្រួសារ អាចប្រឈមនឹងគ្រោះទឹកជំនន់ទន្លេមេគង្គ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។
រដ្ឋបាលខេត្តបានឱ្យដឹងថា ភ្លៀងបានធ្លាក់តាំងពីម៉ោង១ ដល់ម៉ោង៤ទៀបភ្លឺ បានបណ្ដាលឱ្យលិចទីធ្លាវត្តដារ ១កន្លែង, បឋមសិក្សា១កន្លែង, មណ្ឌលសុខភាព១កន្លែង ជម្រៅ១,៤០ម៉ែត្រ, លិចក្រោមផ្ទះប្រជាពលរដ្ឋ២០ខ្នង និងបានប៉ះពាល់ដល់ហេដ្ឋរចនាសម្ព័ន្ធ មួយចំនួន ចម្លងសត្វពានហនៈ ១៨០ក្បាលទៅកាន់ទីទួលសុវត្ថិភាព តែមិនប៉ះពាល់ដល់សុវត្តិភាពមនុស្ស នោះទេ៕