សិស្សានុសិស្សក្រីក្រនៅទីជនបទដាច់ស្រយាល ២០០នាក់ ដែលមានលំនៅឋានឆ្ងាយពីសាលារៀន ទទួលបានកង់ពីអាជ្ញាធរខេត្តស្ទឹងត្រែង និងអង្គការភ្លែនកម្ពុជា

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំមន្ត្រីខេត្ត ស្រុក មន្ត្រីមូលដ្ឋាន រួមទាំងអង្គការដៃគូររាជរដ្ឋាភិបាល នាំយកកង់២០០គ្រឿង រួមទាំងសម្ភារៈសិក្សាមួយចំនួន ទៅផ្តល់ជូនសិស្សក្រីក្រនៅទីជនបទដាច់ស្រយាល ដែលមានទីជម្រកឆ្ងាយពីសាលារៀន ហើយខ្វះខាតទាំងមធ្យោបាយធ្វើដំណើរមកសាលា នៅក្នុងស្រុកចំនួនពីររបស់ខេត្តស្ទឹងត្រែង គឺ ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់។

ពិធីចែកកង់ និងសម្ភារៈសិក្សានោះ បានផ្តល់ជូនសិស្សានុសិស្សនៅសាលារៀនចំនួន ៣ គឺសាលាបឋមសិក្សាភ្ជល់ ទទួលបានកង់ ៥០គ្រឿង ស្ថិតក្នុងស្រុកសៀមបូក ,សាលាបឋមសិក្សាវាលខ្សាច់ ១០០គ្រឿង និងសាលាបឋមសិក្សាស្ពង់ ៥០គ្រឿង សាលារៀនទាំងពីរនេះ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ក្រោមជំនួយឧបត្ថម្ភ គាំទ្រពីក្រុមហ៊ុន GIA (ជី អាយ អេ) តាមរយៈអង្គការភ្លែន (Plan Cambodia) ធ្វើឡើងនៅថ្ងៃទី១៦កញ្ញា២០២៤ នៅសាលាបឋមសិក្សាថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានលើកឡើងថា អង្គការភ្លែនកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍មួយដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លើ     វិស័យសេដ្ឋកិច្ច និងសង្គម ពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានប្រតិបត្តិអង្គការផ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន បានថ្លែងថា ដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្ស ដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ហើយបានធ្វើដំណើរដោយថ្មើជើង ក្នុងចំងាយពី ៦គីឡូម៉ែត្រ ទៅ៧គីឡូម៉ែត្រទើបដល់មកសាលារៀន កក្តាទាំងអស់នេះ អាចនឹងផុយស្រួយក្នុងការបោះបង់ការសិក្សា ទើបមានការពិភាក្សាជាមួយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្នើសុំទៅក្រុមហ៊ុន GIA បានផ្តល់កង់ ជូនដល់សិស្សានុសិស្សក្រីក្រនៅទីនេះ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអង្គការភ្លែន រិះរកគ្រប់មធ្យោបាយ បានការឧបត្តម្ភកង់មកនេះ ក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្រ មានចំណេះដឹង ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងជាទំពាំស្នងឫស្សី ក្លាយជាអ្នកដឹកនាំមួយរូប អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចំរើន។

លោកអភិបាលខេត្តស្ទឹងត្រែង បានជម្រុញឪពុកម្តាយ អាណាព្យាបាលសិស្ស ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យកូនៗរបស់ខ្លួនបានរៀន រហូតដល់ចប់ថ្នាក់ទី១២ (មធ្យមសិក្សាទុតិយកភូមិ) និងលោកបានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលា លំនៅឋាន មកបង្រៀនសិស្សនៅតំបន់ជនបទដាច់ស្រយាល ដោយគ្មានលក្ខខណ្ឌ ហើយឈរលើស្មារតីមួយ គឺពង្រីកចំណេះដឹងមួយដល់អ្នកបន្តវេន ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើន ដោយយើងមិនអាចបំភ្លេចគុណូបការៈ របស់លោកគ្រូ អ្នកគ្រូនោះទេ ពីព្រោះសេដ្ឋកិច្ចជាតិរីកចំរើន គឺអាស្រ័យលើធនធានមនុស្ស៕ដោយ៖ឡុង សំបូរ