មន្ទីរសុខាភិបាលខេត្តកែប រៀបចំកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤។ទិសដៅសំខាន់ក្នុងកិច្ចប្រជុំ គឺដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងទប់ស្កាត់ការរីករាលដាលឡើងវិញ នៅក្នុងខេត្តកែបទាំងមូល សម្រាប់រួមចំណែកឆ្ពោះទៅរកការលុបបំបាត់ទូទាំងប្រទេស។

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត និងក៏មានការចូលរួមពី លោកឱសថការី​ ម៉ែន​ សុធីរ​​ ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ ប្រធានមន្ទីរពេទ្យខេត្ត តំណាងអង្គការ​URC ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកានៃក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកែប បានឱ្យដឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់របស់ក្រុមការងារពិសេសថ្នាក់ខេត្ត ដោយបានធ្វើឲ្យស្ថានភាពជំងឺគ្រុនចាញ់នៅទូទាំងខេត្តកែប ក្នុងឆ្នាំ២០២៤នេះ ពុំមានកើតឡើងនោះទេ។

លោក ប៊ុន យោង អភិបាលរងខេត្តកែបបានបញ្ជាក់ថា នេះជាកិច្ចខិតខំ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធនៃខេត្តកែប​ និងការខិតខំអនុវត្តការងារលុបបំបាត់ជំងឺគ្រុនចាញ់ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ជារួម ខេត្តកែបពុំមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះឡើយ។ លោកអភិបាលរងខេត្ត​ បន្តថា នេះជាការ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងខេត្ត​កែបទាំងមូល។

លោកអភិបាលរង ក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ បង្កើនការជួយណែនាំ និងបន្ដការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយបន្ថែមទៀត ដល់ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដែលមានទីតាំងក្នុងខេត្តកែបរបស់យើង៕ សេង ណារិទ្ធ