ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសពីការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់”។
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងនោះមាន៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន) ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ដែលមានគោលដៅនិងទីតាំង ដូចក្នុងតារាងខាងក្រោមនេះ៕