ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ លោកតា ប្រាក់ សាខន អតីតយុទ្ធជន ដែលជាអតីតយុទ្ធមិត្ត ធ្លាប់រួមអាវុធក្នុងការរួមចំណែកការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ បច្ចុប្បន្នគាត់រស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកតា ប្រាក់ សាខន អាយុ ៨៣ ឆ្នាំ បានរៀបរាប់ថា ដោយមានការឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់រាប់លាននាក់ ក្នុងនោះក៍មានក្រុមគ្រួសារគាត់ផងដែរ។ ដូច្នេះគាត់បានសម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ពនៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅឆ្នាំ១៩៨០ ដើម្បីចូលរួមចំណែកការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញបាន ហើយគាត់ត្រូវបានក្រសួងការពារជាតិ ដាក់ឲ្យចូលសោធិវត្តន៍នៅក្នុងអំឡុងឆ្នាំ១៩៩៨ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការនឹករលឹក និងរៀបរាប់អំពីប្រវត្តិ កំសត់កម្រ តស៊ូអត់ធ្មត់ គ្រប់បែបយ៉ាងជាមួយលោកតា ប្រាក់ សាខន ដែលជាអតីតយុទ្ធមិត្ត នៅក្នុងសម័យសង្គ្រាម រួមជាមួយយុទ្ធមិត្តដទៃជាច្រើនរូបទៀត ដើម្បីការពារអាយុជីវិត និងសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជា ដោយមិនឱ្យមានការកើតឡើងជាថ្មីនៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅលើទឹកដីកម្ពុជា និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដោយបានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងនៅឆ្នាំ១៩៩៨ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ ។
នៅក្នុងឱកាសនេះ ដែលជារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនលោកតា ប្រាក់ សាខន ផងដែរ ។
លោកតា ប្រាក់ សាខុន ក្តុកក្តួលរំជួលចិត្ត សម្រក់ទឹកភ្នែកដោយការនឹកអាឡោះអាល័យ នឹងបានសូមគោរពថ្លែងអំណរគុណដោយរីករាយក្រៃលែងជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនគាត់ ដែលកំពុងមានការលំបាកខ្វះខាតនៅពេលនេះ និងសូមគោរពជូនពរសម្ដេចលោកជំទាវ និងឧត្តមសេនីយ៍ទោ សោម ស៊ុន សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕