ឯកឧត្តម យូ ស៊ុនឡុង និងថ្នាក់ដឹកនាំខេត្តកំពង់ចាម​ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

0

កំពង់ចាម: ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មការការពារសន្តិសុខជាតិ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ ភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បាន អញ្ជើញចុះការពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារ ធនធាន ផ្ទះសំណាក់គ្រូ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនេះដែរ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានដឹកនាំកិច្ចប្រជុំពិភា ក្សាពីផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការរៀបចំពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ និងសមិទ្ធផលនានា នៅវិទ្យា ល័យ ហ៊ុន សែន ពាមជីកង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុក ព្រមទាំង មន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅធានាបានសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

បើតាមលោក តូច វុទ្ធី នាយកសាលាវិទ្យាល័យ ហ៊ុន សែន ពាមជីកង បានឱ្យដឹងថា សមិទ្ធផល ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះរួមមាន អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន១៥បន្ទប់ អគារធនធាន ១ខ្នង កម្ពស់ ២ជាន់ មាន១៥បន្ទប់ ផ្ទះសំណាក់គ្រូ ១ខ្នង មាន៤បន្ទប់ និងបន្ទប់ទឹកសរុបចំនួន ១៨បន្ទប់ ដែលចាប់ផ្តើមស្ថាបនាក្នុងអំឡុងឆ្នាំ២០១៩ បច្ចុប្បន្ន សាងសង់រួចរាល់ជាស្ថាពរ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗ ខាងមុខនេះ ៕