រដ្ឋបាលខេត្តសៀមរាបនាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ព្រះព្រហ្មរ័ត្ន និងវត្តកេសេរារាមក្នុងវេនបិណ្ឌទី១

0

សៀមរាប៖ នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៤ នេះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ក្នុងខេត្តសៀមរាបនាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគរួមនិងបច្ច័យមួយចំនួនវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងព្រះព្រហ្មរ័ត្ន និងវត្តកេសរារាមដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំក្រុងសៀមរាបដើម្បីចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី១ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិការទាំងប្រាំពីរសន្តាន និងកម្មាភិបាលដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ ការពារកសាងអភិវឌ្ឍន៍ប្រទេស ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យបានរួចចាកផុតពីឧបាយភូមិទាំងឡាយ តាមរយៈព្រះសង្ឃជាស្រែបុណ្យ។ ព្រះសាសនសត្ថា តង់ តន ព្រះបញ្ញាវិមលបាឡាត់គណខេត្តជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដីកាថាពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ដូនតាខ្មែរចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ព្រះសាសនសត្ថា តង់ តន បានមានសង្ឃដីកាឲ្យដឹងដែរថា នៅពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី០៣ ខែតុលា។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៍បានមានប្រសាសន៍លើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តសៀមរាបរួមជាមួយមន្ត្រីអ្នកមុខអ្នកការតែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ មិនដែលខកខាននោះឡើយគឺក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល១ត្រីមាស និង សមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៍បានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឲ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិបន្ត ដែលទាំងនេះក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកស្នងបន្ត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ នៅក្នុងនោះដែរ គណៈអភិបាលខេត្តសៀមរាប ក៏បានប្រគេនទេយ្យទានមានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀល និងបច្ច័យចូលរួមរបស់មន្ត្រីរាជការក្នុង១វត្តៗ ព្រមទាំងបានជូនក្រណាត់ស និងថវិកា១ម៉ឺនរៀល ដល់យាយជីតាជ ក្នុងវត្តនីមួយៗចំនួន៥០នាក់ ផងដែរ ៕ដោយ ប៊ុន រដ្ឋា