កំពង់ធំ÷ លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខសពកុមារ២នាក់ ដែលមរណភាពដោយការលង់ទឹកស្រះត្រង់ចំណុចស្រះទឹកវាលស្រែខាងត្បូងភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា នៅរសៀលវេលាម៉ោង១៣:០០នាទី ថ្ងៃទី១៧ ខែកញ្ញា ២០២៤ មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ ត្រង់ចំណុចស្រះទឹកវាលស្រែខាងត្បូង ភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ បណ្ដាលឱ្យស្លាប់កុមារចំនួន០២នាក់÷ ១.ឈ្មោះ រឿន យ្យ៉ានុត ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក។
២.ឈ្មោះរឿន កន្និដ្ឋា ភេទស្រី អាយុ២ឆ្នាំ រស់នៅភូមិខ្ញោម ឃុំសូយោង ស្រុកតាំងគោក។ ជនរងគ្រោះទាំង២នាក់ជាបងប្អូនបង្កើត ឪពុកឈ្មោះ ម៉ែន ជីម អាយុ៣៨ឆ្នាំ ម្តាយឈ្មោះ យេ លិស អាយុ៤១ឆ្នាំ រស់នៅភូមិខ្ញោម ឃុំសូយោងស្រុកតាំងគោក ខេត្តកំពង់ធំ។ មូលហេតុ: កូនដើរទៅលេងទឹកស្រះនៅក្រោយផ្ទះ ដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ បណ្ដាលឱ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្ដង។
លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះកុមារ២នាក់ ដែលមរណភាពដោយលង់ទឹកស្រះ ដដ៊ោយពួកគាត់នៅក្មេងខ្ចីមិនទាន់ដឹងខុសត្រូវអ្វីនៅឡើយ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែង ចំពោះ មរណភាពរបស់កុមារ២នាក់ គឺជាការបាត់បង់កូនជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយមានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា។ សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធកុមារទាំង២នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមក្រុមគ្រួសារទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ។
សូមបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលត្រូវប្រគល់ដល់គ្រួសារសពរួមមាន÷ អង្គរ៤បេ មី២កេស ត្រីខ២យួរទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ថវិកាអភិបាលខេត្ត-អភិបាលរងខេត្ត និងថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី