ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ២ បានត្រៀមកម្លាំង អន្តរាគមន៍នៅនឹងកន្លែង និងត្រួតពិនិត្យទាំងសម្ភារ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ២ បានផ្សព្វផ្សាយ និងដាក់បទបញ្ជា គ្រប់បណ្ដាអង្គភាពចំណុះកងពលធំទាំងអស់ ត្រៀមកម្លាំងអន្តរាគមន៍នៅនឹងកន្លែង ២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជាថ្នាក់លើ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
លោកមេបញ្ជាការក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់កងពលធំដែលបានដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕ដោយ៖ភ្នំដងរ៉ែក