ផ្ទះថ្មីជាអំណោយអភិបាលខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនចាស់ជរានៅឃុំចំណាលើ ស្រុកស្ទោង

0

កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ថានៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០២៤ ថា ផ្ទះថ្មីមួយខ្នងជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ត្រូវបានប្រគល់ជូនចាស់ជរា និងមានពិការភាពជាប់ខ្លួន នៅក្នុងភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបន្តថានេះជាផ្ទះទី២ ដែលជាអំណោយឯកឧត្តម នួន ផារ័ត្ន ជូនចាស់ជរានៅក្នុងស្រុកស្ទោង ហើយផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី។

លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលឯកឧត្តម និងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសគ្រួសារចាស់ជរាហើយមានពិការភាពថែមទៀត។

លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខសុខុមាលភាពគ្រួសារក្រីក្រ ចាស់ជរានិងគ្រួសារដែលមានពិការភាព ជាពិសេសនៅក្នុងឱកាសបុណ្យកាន់បុណ្យភ្ជុំបិណ្ឌ ដើម្បីបានរស់នៅក្នុងជីវភាពសមរម្យហើយមានឱកាសធ្វើបុណ្យទាននៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ដូចបងប្អូនប្រជាពុទ្ធសាសនិកទូទៅ។

ទន្ទឹមនឹងនេះលោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ ដែលបានទទួលផ្ទះថ្មី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ និងក្រុមការងារដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពគ្រួសារគាត់កំពុងមានពិការភាពនិងធ្វើផ្ទះថ្មីជូនគាត់ បានរស់នៅមានភាពងាយស្រួល និងសុវត្ថិភាពជាងមុននៅ ៕អត្ថបទ វេហាស៍