ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកែប ប្រគេនចង្ហាន់ និងទេយ្យទានជូនព្រះសង្ឃ នាថ្ងៃកាន់បិណ្ឌទី១

0

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ខេត្ត​​នឹងជាប្រធានគណ:​កម្មាធិការ​គណបក្ស​ខេត្ត​ និងឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី បានអញ្ជើញកាន់បិណ្ឌទី១ ជាមួយពុទ្ធបរិស័ទ ដោយមានការប្រគេនចង្ហាន់ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗទៀតជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចរិយាវង្ស ស្ថិតនៅភូមិអូរក្រសារ សង្កាត់​អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

មានមតិសំណេះសំណាលក្នុងពិធីកាន់បិណ្ឌនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងបច្ច័យ​ ប្រគេនដល់ព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ពិធីបុណ្យភ្ជុំបិណ្ឌដែលធ្វើតាមទំនៀមទម្លាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកតជំនាន់ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា ញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងទៀតដើម្បីសុំសេចក្តីសុខចម្រើន និងបង្កើននៅសាមគ្គីធម៌ក្នុងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតលើកឡើងបន្តថា  ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសកម្ពុជារបស់យើងទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន។

ឯកឧត្តមសង្កត់ធ្ងន់ថា ដូចនេះ ពាក្យថា សន្តិភាព គឺមានតម្លៃណាស់សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ហើយយើងទាំងអស់គ្នានិងប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពនេះឱ្យគង់វង្ស និងមិនអោយជនអគតិណាមួយមកបំផ្លាញ់សុខសន្តិភាពនេះបានឡើយ៕ សេង ណារិទ្ធ