ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តកែប

0

ខេត្តកែប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ក្រោមអធិបតីភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន២រូប គឺ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ និងឯកឧត្តម ឡៅ ទិព្វសីហា និងបានការអញ្ជើញចូលរួម ពីសំណាក់ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងមានការចូលរួមពីមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ សិក្ខាសាលានេះប្រព្រឹត្តិទៅ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែប។

មានប្រសាសន៍ស្វាគមន៍ក្នុងពិធី លោក វ៉ៅ សុខា អភិបាលរងខេត្តកែប តំណាងឱ្យឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ចាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ ចំពោះមន្ទីរជំនាញ អាជ្ញាធរដែនដី និងបណ្តាក្រុមហ៊ុន ដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ក្នុងខេត្តកែប។

លោកបន្តថា ជាបទពិសោធន៍កន្លងទៅក្នុងវិស័យសំណង់នេះ តែងកើតមានការប្តឹងផ្តល់រវាងម្ចាស់សំណង់ និងអ្នកម៉ៅការ ដោយកត្តាផ្សេងៗ។ ក្នុងនោះលោកក៏រំពឹងខ្ពស់ដែរថា មន្រ្តីអធិការកិច្ច នឹងចាប់ផ្តើមចុះត្រួតពិនិត្យលើការងារនេះ ដើម្បីទប់ស្កាត់រាល់វិវាទណាមួយដែលកើតឡើង រវាងអ្នកម៉ៅការ និងម្ចាស់សំណង់ ក្រោយបញ្ចប់ការសាងសង់។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ក្នុងសិក្ខាសាលាថា  វិស័យសំណង់ ដែលជាវិស័យកំពុងមានការរីកចម្រើន ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ ដូចជា ការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម។

ដោយប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ សូមអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ត្រូវពង្រឹងការគ្រប់គ្រងលើវិស័យនេះ និង គោរពតាមបទដ្ឋានគតិយុត្តជាធរមាន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសំណូមពរដល់សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលជា អ្នកធ្វើការពាក់ព័ន្ធលើវិស័យសំណង់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់មន្ត្រីជំនាញ ដែលជាគ្រូឧទ្ទេស និងសូមចូលរួមជាមតិ យោបល់ អោយបានផុលផុស ដើម្បីជាធាតុចូលសម្រាប់យកទៅអនុវត្តកាងារជាក់ស្តែង៕ សេង ណារិទ្ធ