ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានគណ:គម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាម  ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ៤០ គ្រួសារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាមគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់អំណោយមនុស្សធម៍របស់សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់អតីតយុទ្ឋជនជនពិការ និងក្រុមគ្រួសារអតីតយុទ្ឋជនពលីចំនួន ៤០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ក្នុងករណីមានជំងឺតំកាត់ផ្សេងៗ ត្រូវទៅកាន់មន្ទីរពេទ្យ របស់រដ្ឋ ឬមន្ទីរពេទ្យឯកជននានាដែលមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស ស  ដែលរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃព្យាបាលជូន នឹងត្រូវខិតខំបង្ករបង្កើនផលដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗតាមលទ្ធភាព ដែលអាចធ្វើទៅបាន  គួបផ្សំនឹងប្រាក់បំណាច់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។

លោក ព្រិន្ទបាលឯក សែម សុន តំណាងឲ្យអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ចំនួន ៤០ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនយើងនៅទូទាំងខេត្តកំពង់ធំ នាពេលកន្លងទៅ និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើង ៕ដោយ វេហាស៍